ឃាត់ក្មេងទំនើង៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលបានដេញវាយគ្នាតាមផ្លូវជាតិលេខ៣
កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នងការនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៨នាក់ ក្នុងចំណោមបក្ខពួកទាំង១០នាក់ ដែលបានដេញវាយគ្នានៅលើផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងពីរក្រុមដែលបានបើកឆាកប្រយុទ្ធគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ខេត្តតាកែវ បានធ្វើសកម្មភាពដេញគប់វាយគ្នាតាមផ្លូវជាមួយក្រុមក្មេងទំនើងមួយក្រុមទៀត ដែលពុំទាន់កំណត់អត្តសញ្ញាបាននៅឡើយ ដោយបង្កឱ្យមានផលប៉ះពាល់ដល់ទីសាធារណៈ បង្កអសន្តិសុខក្នុងសង្គមផងនោះ។ ដោយកម្លាំងអាវុធហត្ថខេត្ត សហការជាមួយជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង គិតមកដល់ថ្ងៃទី៩ ខែមីនា នេះឃាត់ខ្លួនបានចំនួន៨នាក់។ ពោលគឺនៅថ្ងៃទី៨ ខែមីនា កម្លាំងស្នងការខេត្តឃាត់ខ្លួនបានចំនួន២នាក់។ ទន្ទឹមនឹងនោះក្នុងថ្ងៃដដែល កម្លាំងអាវុធហត្ថខេត្ត ក៏បានធ្វើការឃាត់ខ្លួនបានចំនួន០៤នាក់បន្ថែម និងនៅថ្ងៃទី០៩ ក៏បន្តឃាត់បាន០២នាក់បន្ថែមទៀត។
លោក ឧត្តមសេនីយ៍ត្រី សេង មហា បានឱ្យដឹងថា បច្ចុប្បន្នក្មេងទំនើងទាំង០៤នាក់ ដែលកម្លាំងអាវុធហត្ថ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំបញ្ជូនទៅចាត់ការបន្តតាមនីតិវិច្បាប់នៅតុលាការ។ ដោយឡែក ០២នាក់ដែលឃាត់បាននៅព្រឹកមិញនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា ចំពោះជនសង្ស័យដែលកម្លាំងស្នងការនគរបាលខេត្តតាកែវ ឃាត់បានចំនួន០២នាក់ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ព្រមទាំងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។