ផ្លូវកាត់ទន្លេភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ គ្រោងសាងសង់នៅឆ្នាំ២០២៤ខាងមុខ

គម្រោងផ្លូវ ៥០សេ ភ្ជាប់កំពង់ឆ្នាំងទៅកំពង់ធំ ដែលស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា ដែលជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា មានប្រវែង ៥៨គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលឯកភាពឱ្យមានការសាងសង់ហើយ ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤ខាងមុននេះ។

ផ្លូវនេះត្រូវការទឹកប្រាក់ប្រមាណ ២៥០លានដុល្លារអាម៉េរិក ក្នុងនោះប្រហែល៥០លានដុល្លារអាម៉េរិក សម្រាប់ផ្លូវ និង១០០លានដុល្លារអាម៉េរិកសម្រាប់ស្ពាន។ ដ្បិតថា គម្រោង​នេះត្រូវចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​ ទើបប្រមុខ​រាជរដ្ឋាភិបាល​ កាលពីឆ្នាំ២០១៩ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៦​ក្រសួង រួមមាន៖ ​ក្រសួង​សាធារណការ ក្រសួង​ធនធាន​ទឹក ក្រសួង​ដែនដី ក្រសួងបរិស្ថាន ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម ដើម្បី​រួម​គ្នា​ចុះ​សិក្សា​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់​ជាក់ស្តែង រួចបូក​សរុប​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ដែលកាលនោះសម្តេចតេជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា ស្ថិតក្នុងការពិចារណានៅឡើយថា តើ​​ត្រូវសាងសង់ ឬ​ក៏​ត្រូវ​លុប​គម្រោងចោល​។​ ប៉ុន្តែពេលនេះ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យសាងសង់ផ្លូវមួយនេះហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងខ្ញុំបានធ្វើលិខិតថ្មីៗនេះគោរពស្នើសុំសម្តេចតេជោ ធ្វើយ៉ាងណាស្នើសុំថវិកាពីមិត្តចិន របស់យើង ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០សេនេះ ហើយសម្តេចតេជោ បានចារឯកភាពយកជម្រើសនេះ»។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោយសិក្សាលម្អិតរួចរាល់ពីស្ថាប័នជំនាញ រួមមានក្រសួងបរិស្ថាន រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លិខិតគោរពស្នើសុំមួយត្រូវបានដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំសម្តេចស្នើសុំថវិកាពីមិត្តចិន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ មិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរទេ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ​ជាតិ​លេខ ៥០សេ ភ្ជាប់ពីផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តកំពង់ធំ នៅចំណុច​ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់​ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង មានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close