បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំនេះ ជា​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​ជាតិ​មួយ​ដ៏​សំខាន់ បង្ហាញ​ពី​សក្តានុពល​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​កម្ពុជា​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន​និង​ទៅ​អនាគត​» បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​រាត្រី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្រសួងបរិស្ថាន​បាន​ចូលរួម​តាំងពិព័រណ៍​បង្ហាញ​វឌ្ឍនភាព​ការងារ​លើ​ការគ្រប់គ្រង​វិស័យ​បរិស្ថាន និង​ផលិតផល​សហគមន៍ ជូន​សាធារណជន​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ផងដែរ​។

​ពិធីបុណ្យ​ទន្លេ លើក​ទី​៧ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​លើក​តម្លៃ និង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ខេត្ត​នានា តាម​ដង​ទន្លេ ជាពិសេស លើកទឹកចិត្ត​ដល់​ប្រជាជន នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ឱ្យ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ជាប់​ដង​ទន្លេ ការងារ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។​

​បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២៣​នេះ ជា​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​ជាតិ​មួយ​ដ៏​សំខាន់ ដែល​នឹង​បង្ហាញ​ពី​សក្តានុពល​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ដែល​នឹង​ទាក់ទាញ​ទេសចរ​ទៅលេង​កម្សាន្ត នៅ​តំបន់​តាម​ដង​ទន្លេ និង​បឹង​ទន្លេសាប​។

ទេសចរណ៍ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ជា​ប្រភព​ចំណូល​មួយ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​សេដ្ឋកិច្ច​មូលដ្ឋាន ក្រោយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនេះ ការលើកកម្ពស់​យល់ដឹង​ពី​សារប្រយោជន៍​របស់​ទ​ន្លេ តាមរយៈ​ការរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នឹង​រួមចំណែក​ធ្វើឱ្យ​មនុស្ស​គ្រប់រូប កាន់តែ​ចូលរួមចំណែក​ប្រើប្រាស់ ការពារ និង​អភិរក្ស​ធនធាន​ទន្លេ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព​សម្រាប់​មនុស្ស​នា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​៕​

ប្រភព៖ ក្រសួងបរិស្ថាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close