បុណ្យ​ទន្លេ នៅ​ខេត្តកំពង់ធំ​! ភ្ញៀវទេសចរ​ជាង ១​លាន​២​សែន​នាក់ បាន​ទៅលេង​កម្សាន្ត ចាប់ពី​ថ្ងៃ​៧-១២ ខែមីនា​

​កំពង់ធំ​៖ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​លាន​២៥​ម៉ឺន​នាក់ បាន​ចូល​ទស្សនា​លេង​កម្សាន្ត​មុន​និង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ បូក​ទាំង​ការបន្ត​លេង​២​ថ្ងៃក្រោយ​ពិធីបុណ្យ​នេះ​ទៀត ពោលគឺ​គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៣​។​

​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បានបញ្ជាក់ នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា​នេះ​ថា «​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៣ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ប្រមាណ​១,២៥៨,៥០០​នាក់ បាន​ចូល​ទស្សនា​លេង​កម្សាន្ត​មុន​និង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ បូក​ទាំង​ការបន្ត​លេង​២​ថ្ងៃក្រោយ​ពិធីបុណ្យ​នេះ​ទៀត​ដល់​ថ្ងៃទី​១២»​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​លម្អិត​ថា​៖
* ថ្ងៃទី​៧ ខែមីនា មាន​ប្រមាណ​១៨,៥០០​នាក់​
* ថ្ងៃទី​៨ ខែមីនា ប្រមាណ​៣៨៥,០០០​នាក់​
* ថ្ងៃទី​៩ ខែមីនា ម្រ​មាណ​៤០៥,០០០​នាក់​
* ថ្ងៃទី​១០ ខែមីនា មាន​ប្រមាណ​៣២០,០០០​នាក់​
* ថ្ងៃទី​១១ ខែមីនា មាន​ប្រមាណ​១១០,០០០​នាក់​
* ថ្ងៃទី​១២ ខែមីនា មាន​ប្រមាណ​២០,០០០​នាក់​
​សរុប​ចំនួន​៦​ថ្ងៃ មាន​ប្រមាណ​១,២៥៨,៥០០​នាក់​។​

​លោក សេង អាន បាន​បន្តទៀតថា ភាគច្រើន​ជា​ប្រជាពលរដ្ឋ​មកពី​ក្រុង​-​ស្រុក​ទាំង​៩​ទូទាំង​ខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់ ពិសេស​ខេត្ត​ជាប់​បឹង​ទន្លេសាប ដូចជា ខេត្ត​សៀម​រាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close