អភិបាលខេត្តក្រចេះបញ្ជាឱ្យប្រធានមន្ទីរអប់រំស្រាវជ្រាវរកមូលហេតុ ពាក់ព័ន្ធករណីគ្រូបង្រៀនម្នាក់ប្រើអំពើហិង្សាលើកូនសិស្ស

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ បានជំរុញដល់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចុះពិនិត្យស្រាវជ្រាវរកមូលហេតុពិតប្រាកដក្នុងករណីអ្នកគ្រូបង្រៀនម្នាក់​បានប្រើអំពើហិង្សាលើកូនសិស្ស។

ការបញ្ជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ​ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៣​ នាព្រឹកថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោយឯកឧត្តម​អភិបាលខេត្ត​ បានទទួលដំណឹងថាមានករណីអ្នកគ្រូម្នាក់វាយកូនសិស្សថ្នាក់ទី២ម្នាក់​ បណ្ដាលឱ្យមានរបួសស្នាមដៃនិងផ្ទៃមុខ និងករណីអ្នកគ្រូវាយអ្នកគ្រូនៅក្នុងសាលាបឋមសិក្សាថ្មគ្រែ កាលពីថ្ងៃទី១១​ខែមីនា​ ឆ្នាំ២០២៣កន្លងទៅ ដែលជាបាតុភាពមិនល្អ មិនគួរកើតមានក្នុងសាលារៀន។  ឯកឧត្ដមថាបញ្ហានេះមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវចុះធ្វើអប់រំ ណែនាំ និងធ្វើការកែលម្អដល់គ្រូៗនៅសាលារៀនបឋមសិក្សាថ្មគ្រែ នោះឱ្យបានឆាប់រហ័ស។

គួររំលឹកដែលថា កាលពីថ្ងៃសៅរ៍​ចុងសប្ដាហ៍មុន​នេះ​ មានករណីឈ្លោះប្រកែក​រហូតបង្កជាហិង្សារវាង​អ្នកគ្រូ​ និងអ្នកគ្រូ​ នៅសាលាបឋមសិក្សាថ្មគ្រែ​ ស្ថិតនៅក្នុងឃុំថ្មគ្រែ​ស្រុកចិត្របុរី​ និងករណីអ្នកគ្រូម្នា​ក់​បានធ្វើឱ្យមានរបួសស្នាមលើសិស្សថ្នាក់ទី២​ម្នាក់​ ចំដៃ​ និងផ្ទៃមុខ​ បានបង្កការភ្ញាក់ផ្អើលដល់សិស្សនុសិស្ស​និងប្រជាពលរដ្ឋនៅទីនោះ​។

ករណីខាងលើនេះ​ លោក​ ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំខេត្តក្រចេះ​ បានបញ្ជាក់ឱ្យដឹងថា​ មន្ទីរបានចាត់ឱ្យការិយាល័យអប់រំស្រុកចុះស្រាវជ្រាវហើយ ប្រសិនបើរកឃើញថាអ្នកគ្រូដែលរងការចោទប្រកាន់បានប្រព្រឹត្តហិង្សាលើកូនសិស្សមែន នោះមន្ទីរអប់រំខេត្តក្រចេះនឹងមានវិធានការសមស្របជនបង្ករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close