ឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅបាត់ដំបង ងាប់ជ្រូកជិត៤០ក្បាល
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្ថិតនៅចំណុចភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឱ្យសត្វជ្រូកចំនួន៣៣ក្បាលងាប់។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
លោក វ៉ើន សារ៉េត នាយនគបាលប៉ុស្តិ៍សំរោងក្នុង បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកនេះធ្វើអំពីឈើ ប្រក់ស័ង្កសី មានចិញ្ចឹមជ្រូកប្រហែល៧០ក្បាល ដែលមានម្ចាស់កសិដ្ឋានឈ្មោះ អេង ហុង រស់នៅភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកបន្តទៀតថា នៅពេលដែលភ្លើងកំពុងតែឆេះខ្លាំងជ្រូកបានផ្អើលរត់បុកទម្លុះទ្រុងចេញមកខាងក្រៅបានមួយចំនួនធំ គឺនៅសល់តែជ្រូកប្រហែលជិត៤០ក្បាលប៉ុណ្ណោះ ត្រូវងាប់និងសម្ភារៈផ្សេងៗក្នុងកសិដ្ឋានឆេះខ្ទេច ដោយសារអណ្តាតភ្លើងមានសភាពលឿនពេក មិនអាចជួយសង្រ្គោះឱ្យទាន់ពេលវេលា ហើយណាមួយមិនមានរថយន្តទៅពន្លត់អគ្គីភ័យទៅទាន់នោះទេ ព្រោះតែទីតាំងនៅចុងភូមិដាច់ឆ្ងាយពីគេឯង។
បន្ថែមពីនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការកើតឡើង នៃគ្រោះអគ្គីភ័យព្រោះរដូវនេះកំពុងឈានចូលដល់រដូវក្តៅហួតហែងខ្លាំង ដែលអាចបង្កឱ្យកើតមានអគ្គីភ័យឆាបឆេះឡើង។ លោកថាប្រសិនបើមានករណីអគ្គិភ័យ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរដែនដី ដើម្បីជួយអន្តរាគមន៍បានលឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។