ទាហានថៃស្ទាក់ចាប់ម៉ូតូសេរីទំនើបអត់ពន្ធជិត៤០គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលកម្ពុជា
ទាហានថៃបានស្ទាក់ចាប់ម៉ូតូសេរីទំនើបអត់ពន្ធចំនួន៣៧គ្រឿង ក្បែរព្រំដែនស្ថិតនៅភូមិណនគីលែក ឃុំប៉ានសឿក ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ទល់នឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបម្រុងលួចនាំចូលមកលក់ឱ្យកម្ពុជា។
យោងតាមភាគីថៃបានឱ្យដឹងថា ទាហានថៃបានធ្វើការស្រាវជ្រាវហើយឃាត់ជាបន្តបន្ទាប់នៅតាមផ្ទះក្បែរព្រំដែន ស្ទាក់ចាប់ម៉ូតូចំនួន៣៧គ្រឿងដែលបម្រុងលួចឆ្លងដែននាំចូលមកកម្ពុជា។ ប្រភពដដែលបន្តថា ម៉ូតូដែលចាប់បានទាំងនោះជាប្រភេទម៉ូតូសេរីទំនើបហើយថ្មី ដែលជនជាតិថៃ និងខ្មែរមួយចំនួនតូចរស់នៅប្រទេសថៃបានទិញបង់រំលួសរួចយកមកលក់ឱ្យឈ្មួញថៃនៅច្រកព្រំដែន ហើយបម្រុងនាំចូលមកកម្ពុជាតែត្រូវបានទាហានថៃចាប់យកត្រឡប់ទៅវិញ។ ក្រោយចាប់បាន ទាហានថៃសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកណាំបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកផងដែរថា កាលពី២សប្តាហ៍កន្លងទៅ មន្ត្រីគយ និងរដ្ឋាករបានចុះបង្ក្រាបម៉ូតូគ្មានពន្ធក្នុងក្រុងប៉ោយប៉ែត ដោយចាប់បានម៉ូតូសេរីទំនើបដែលអត់ពន្ធជាង២០គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។