ជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក នៃសណ្ឋាគារមួយក្នុងក្រុងសៀមរាប

(សៀមរាប) ៖ តាមសេចក្តីរាយការណ៍​បាន​ឱ្យដឹងថា ជនជាតិអង់គ្លេស​ម្នាក់ បានសម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក នៃសណ្ឋាគារមួយ​ក្នុង​សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹក​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៣។

បើតាម​សមត្ថកិច្ច សព​មាន​ឈ្មោះ​ BURN TIMOTHY CHARLES ភេទ ប្រុស​កើត ថ្ងៃទី​ ០៤-០៥-១៩៨៦​ ជនជាតិ​អង់គ្លេស​​ កាន់លិខិតឆ្លងដែនលេខ​១៣៥៩៨៦១៧៨​ ជា​ភ្ញៀវ​ទេសចរ​ណ៍ ចូល​ព្រះ​រាជា​ណាចក្រ​កម្ពុជា កាលពីថ្ងៃទី១១-០៣-២០២៣ តាម​ច្រកព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្នាក់​នៅ​ទីតាំង​កេីត​ហេតុ​ខាង​លើ​។

តាម​ការ​សាក​សួរ​បុគ្គលិកសណ្ឋាគារបាន​ឱ្យ​​ដឹង​ថា នាវេលា​ម៉ោង​០៦:០០នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែ​មិនា​ ឆ្នាំ​២០២៣​ ខ្លួន​នឹង​ក្រុម​ការងារ​បានឃើញ​មានទឹក​ហូរ​ចេញ​ពី​បន្ទប់​លេខ​១០៩​ មកខាងក្រៅ ដោយ​មាន​ការ​សង្ស័យ​ពួកខ្លួនក៏បាននាំគ្នាគោះ​ទ្វារ​បន្ទប់​ប៉ុន្តែ​​ពុំមាន​អ្នក​បេីក ខ្លួនក៏សម្រេច​គាស់​ទ្វារ​បន្ទប់ចូលមើលឃើញ​ជនរងគ្រោះ​នៅ​ក្នុង​បន្ទប់​ទឹក​ អង្គុយ​នៅលើ​កៅអី​ចង​ក ​(យកខ្សែក្រណាត់ចងភ្ជាប់ជាមួយ​ក្បាលផ្កាឈូក​សម្រាប់​ងូតទឹក​)ស្លាប់​បាត់​ទៅ​ហើយ ឃើញដូចនេះខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ផ្អែក​តាមការ​ស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញ និង​ គ្រូពេទ្យអមតុលាការបានសនិដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ​ស្ទះ​ខ្យល់​ដង្ហើម (ចងកធ្វេីអត្តឃាត​)។សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ​ វត្តទឹក​ថ្លា​ រាជធានី​ភ្នំពេញ​ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close