ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថានឹងមានរហូតជាង៣ម៉ឺន ២ពាន់ប៊ីលានរៀល
ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ត្រូវបានប៉ាន់ស្មានថានឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ខណៈចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។ នេះបើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
យ៉ាងណាមិញ សម្តេចបានរំលឹកថា នៅឆ្នាំ២០០៣មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូលថវិកាជាតិសរុបមានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។
សម្តេច ហ៊ុន សែន បានថ្លែងថា៖ «សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០»។
ថ្លែងក្នុងពិធីដដែលនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅបានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និងបង្កើនភាពជឿជាក់លើភាពត្រឹមត្រូវនៃទស្សនៈវិស័យរបស់យើង នោះគឺត្រូវកែទម្រង់តាមសេចក្តីត្រូវការរបស់កម្ពុជាក្នុងបរិបទសង្គម-សេដ្ឋកិច្ច ស្ថាប័ន និងរដ្ឋបាលរបស់កម្ពុជាក្នុងភាពជាម្ចាស់របស់កម្ពុជា។
យ៉ាងណាក្តី រដ្ឋមន្ក្រីរូបនេះបានទទួលស្គាល់ថាការកែទម្រង់ជាការងារដ៏លំបាកស្មុគស្មាញ ដោយម្ខាងត្រូវជួបប្រទះបញ្ហាប្រឈមច្រើនទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ផលប្រយោជន៍ សមត្ថភាព ធនធានមនុស្ស និងបញ្ហាបច្ចេកទេស និងម្ខាងទៀតត្រូវតែចាប់ផ្តើមធ្វើដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព ធនធាន និង មធ្យោបាយគ្រប់គ្រាន់នោះឡើយ ក្នុងស្មារតី «ធ្វើបណ្ដើរ រៀនបណ្ដើរ និង កែលម្អបណ្ដើរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។