សិល្បៈ​ចាក់​ចេក ពេញនិយម​សម្រាប់​អ្នកស្រុក​អង្គរ ប្រើ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​

​ការយក​ដើម​ចេក​មក​ឆ្លាក់​រំលេច​ជា​ក្បូរ​ក្បាច់រចនា​សម្រាប់​ជា​គ្រឿង​លម្អ គឺជា​សិល្បៈ​យ៉ាង​ប្រណិត ដែល​អ្នកស្រុក​អង្គរ​នៅតែ​បន្ត​ធ្វើជា​ហូរហែរ​ច្រើន​ជំនាន់​មកហើយ​សម្រាប់​ពិធី​បុណ្យទាន​ផ្សេងៗ​ទៅតាម​ប្រពៃណី​។ អ្នកស្រុក​តំបន់​អង្គរ នៅតែ​ចាត់ទុក​ការចាក់​ក្បាច់​លើ​ស្រទបចេក ឬ​សិល្បៈ​ចាក់​ចេក ជា​សិល្បៈ​យ៉ាងសំខាន់​ស្ទើរ​ខ្វះ​ពុំបាន សម្រាប់​រៀបចំ​ទីសក្ការៈ​ដូចជា អាសនៈ​តម្កល់​ព្រះ​ពុទ្ធរូប កន្លែង​តម្កល់​គម្ពី​ធម៌អាថ៌ រាន​ពុទ្ធគុណ បុស្បុក​ឬក៏​ទី​តម្កល់​មឈូស​សម្រាប់​បូជា​សព​ជាដើម​។​

​លោក ជា វុ​ធ អាយុ​៤៤​ឆ្នាំ ជា​អ្នកស្រុក​ក្នុង​តំបន់​អង្គរ​ម្នាក់ រស់នៅ​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ដែល​បាន​មកជួយ​ចាក់​ក្បាច់​ស្រទបចេក ដើម្បី​ធ្វើបុណ្យ​បូជាសព​សាច់ញាតិ​របស់គាត់ បានឱ្យដឹងថា រូបគាត់​មាន​ជំនាញ​ខាង​សិល្បៈ​ចាក់​ស្រទបចេក​នេះ​ជាង​២០​ឆ្នាំ​មកហើយ ដោយបាន​រៀនសូត្រ​ពី​ចាស់ព្រឹទ្ធាចារ្យ ចាស់ទុំ​នៅក្នុង​ភូមិ​។ បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ទៅ​សង្កេតមើល​ក្បាច់​នៅ​ចម្លាក់​តាម​ប្រាសាទ​នានា​ថែមទៀត ដូចជា​ប្រាសាទអង្គរវត្ត បន្ទាយស្រី​ជាដើម ដើម្បី​យកមក​ច្នៃ​ក្បាច់​បន្ថែម​ទៅលើ​ការងារ​ឆ្លាក់​នៅលើ​ស្រទបចេក ឱ្យ​កាន់តែ​រស់​រវើក និង​រីកចម្រើន​។

​លោក ជា វុ​ធ មានប្រសាសន៍​ទៀតថា ដើម្បី​ចាក់​ស្រទបចេក​ជា​ក្បាច់​បានល្អ គឺ​ត្រូវការ​កាំបិត​មុត ដើម​ចេក​ស្រ​ឡូ​ន​មាន​ស្រទប​ល្អ​ច្រើន ឬ​ស្សី​សម្រាប់​ដោត​ភ្ជាប់​ក្បាច់ និង​ក្រដាស​ពណ៌​។ ការចាក់​ចេក​ទៀតសោត ក៏​សម្រប​ទៅតាម​អាកាសធាតុ​ដែរ បើ​រៀបចំ​កម្មវិធី​បុណ្យទាន​នៅ​រដូវក្តៅ តម្រូវឱ្យ​អ្នក​ចាក់​ក្បាច់​ស្រទបចេក ត្រូវតែ​ចាក់​ដោយ​រហ័ស និង​ចាក់​ក្បាច់​ឱ្យមាន​រាង​ធំ​បន្តិច ដើម្បី​បង្ការ​នៅពេល​ស្រទបចេក​នោះ​ស្វិត តែ​រក្សា​ទ្រង់ទ្រាយ​ក្បាច់​ល្អ​។ ម្យ៉ាងទៀត អ្នក​ចាក់​ស្រទបចេក​អាច​ចាក់​ភ្លាម រៀបចំ​កម្មវិធី​ភ្លាមៗ​ក៏បាន​ដែរ ដើម្បី​រក្សា​កុំឱ្យ​ស្រទបចេក​ស្វិត​ទាន់​។ លោក វុ​ធ ឱ្យដឹងថា អ្នកភូមិ​ពាម ហាក់​មិនសូវ​ជា​ពេញនិយម​ការរៀបចំ​តម្លើង​រោង​ស្រាប់ ឬ​ក្បាច់​ព្រី​ន ដូចជា​អ្នករស់នៅ​ទីក្រុង ឬ​ទីប្រជុំជន​ឡើយ​។ អ្នកភូមិ​ពាម គឺ​នៅតែ​និយម​លើ​សិល្បៈ​ចាក់​ចេក​សម្រាប់​តុបតែង​រោងបុណ្យ​ផ្សេងៗ​ទៅតាម​ប្រពៃណី​របស់​អ្នកភូមិ​តាម​ទម្លាប់​ដូនតា​។ លោក ជា វុ​ធ ចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ជួយ​ថែរក្សា​ក្បាច់​ចាក់​ចេក​នេះ កុំឱ្យ​បាត់បង់​ពីព្រោះ​វា​ជា​កេរ​មរតក​ដូនតា ដែលមាន​ជា​យូរ​មកហើយ​។​

​អ្នកភូមិ​គោក​ត្នោត ម្នាក់ទៀត ដែលមាន​ជំនាញ​ខាង​សិល្បៈ​ចាក់​ក្បាច់​លើ​ស្រទបចេក​ជាង​១៥​ឆ្នាំ​មកហើយ លោក គី ក៏បាន​ឱ្យដឹង​ដែរ​ថា លោក​ចេះ​ចាក់​ក្បាច់​លើ​ស្រទបចេក​នេះ ព្រោះតែ​ការស្រលាញ់​។ កាលពី​ជាង​១៥​ឆ្នាំមុន លោក​បានឃើញ​ចាស់ៗ ចាក់​ក្បាច់​នៅលើ​ស្រទបចេក​បាន​ស្អាត រូបលោក​ក៏​រៀនសូត្រ​បន្ត​។ លោក គី បាន​អធិប្បាយ​ថា សិល្បៈ​ចាក់​ក្បាច់​លើ​ស្រទបចេក​នេះ គេ​ប្រើ​នៅក្នុង​ពិធីបុណ្យ​គ្រប់​ប្រភេទ ដូចជា បុណ្យ​ចម្រើន​អាយុ បុណ្យ​បូជាសព បុណ្យ​ដា បុណ្យបច្ច័យបួន ជាដើម គឺមាន​ការតុបតែង​លម្អ​ដោយ​ក្បាច់​ចាក់​ចេក​។ ការប្រើ​ក្បាច់​ទៀតសោត មាន​២​ប្រភេទ តួយ៉ាង​បុណ្យពុទ្ធាភិសេក គឺ​ត្រូវ​ប្រើ​ក្បាច់​ណា​ដែលមាន​សិរី​សួស្តី ដូចជា​ក្បាច់​ភ្ញីទេស រីឯ​បុណ្យ​បូជាសព​វិញ គេ​ច្រើន​ប្រើ​ភ្ញីភ្លើង ហើយ​អ្នកភូមិ​គោក​ត្នោត​មិន​និយម​ប្រើ​ក្បាច់​ដែល​គេ​គូរ​ស្រាប់ៗ ឬ​ក្បាច់​ស្មាច់​នោះឡើយ​។ មាន​ក្បាច់ចម្លាក់​ជាច្រើន ដែល​អ្នកភូមិ​តែង​យកមកប្រើ សម្រាប់​ឆ្លា​ក់លើ​ស្រទបចេក ដោយ​យក​គំរូ​តាម​ប្រាសាទបុរាណ មក​បូកផ្សំ​បញ្ចូល​គ្នា​។​

​អ្នកភូមិ​ពាម និង​ភូមិ​គោក​ត្នោត ក្នុង​តំបន់​អង្គរ យល់ថា ការ​នៅតែ​ប្រតិបត្តិ​សិល្បៈ​ចាក់​ចេក ដែល​បន្សល់ទុក​ពី​ដូនតា​របស់​ពួកគាត់ គឺ​នៅតែ​រឹងមាំ ហើយ​ថែមទាំង​អាចឈាន​ទៅរក​គំនិត​ច្នៃប្រឌិត​កាន់តែ​ច្រើនជាង​មុន​ផង ពីព្រោះ​អ្នក​ដែលមាន​ចំណេះដឹង​សិល្បៈ​ចាក់​ចេក​ជំនាន់​ក្រោយៗ មានគំនិត​កែច្នៃ​បន្ថែម​យ៉ាង​សម្បូរបែប​ធ្វើឱ្យ​អ្នកភូមិ​កាន់តែ​ពេញចិត្ត​។ បច្ចុប្បន្ននេះ នៅតាម​ផ្ទះ​នីមួយៗ​ក្នុងភូមិ​ពាម ភូមិ​គោក​ត្នោត គឺ​ដាំ​ដើម​ចេកគ្រាប់​ជាច្រើន​នៅតាម​ផ្ទះ​នីមួយៗ ដើម្បី​យកទៅ​ចាក់​ចេក​សម្រាប់​ប្រើប្រាស់​នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close