កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោង សិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក រវាងក្រសួងពាណិជ្ជកម្ម ជាមួយ អង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន, សាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ (១)ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣)ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង(៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា។
ពិធីចុះអនុស្សរណៈនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងសមាជិកលេខាធិការដ្ឋាន ជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរតាមរយៈប្រព័ន្ធវីដេអូជូនចំពោះ ឯកឧត្តម KOICHI HAMANO ដែលត្រូវបានជ្រើសតាំងជាប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន និងបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកសាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដែលបានចូលរួមដោយផ្ទាល់នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងតួនាទីរបស់កម្មសិទ្ធិបញ្ញាដែលចូលរួមជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បន្ថែមទៀត។ តួយ៉ាង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% មុនការផ្ទុះឡើងនៃវិបត្តិសុខភាពសាធារណៈបង្កដោយជំងឺកូវីដ១៩។ កំណើនថេរ និងខ្ពស់ ប្រកបដោយវិបុលភាពនេះបានធ្វើឱ្យប្រទេសកម្ពុជាអាចឈានទៅដល់ដំណាក់កាលដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចឱ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះបានធ្វើឱ្យកម្មសិទ្ធិបញ្ញា ជាឧបករណ៍ចាំបាច់ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពការប្រកួតប្រជែងរបស់ប្រទេស តាមរយៈការជំរុញលើកទឹកចិត្តឱ្យមាន ការផ្ទេរបច្ចេកវិទ្យា គាំទ្រដល់ការច្នៃប្រឌិត ជំរុញនវានុវត្តន៍ និងលើកកម្ពស់ផលិតផលក្នុងស្រុក។
ជាការឆ្លើយតប ឯកឧត្តម KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុនវាយតម្លៃខ្ពស់ចំពោះទំនាក់ទនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំង សម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ជាពិសេសការឈានមកដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។
ក្នុងបរិការណ៍នេះ ឯកឧត្តម KOICHI HAMANO លើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ ឯកឧត្តម មានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវិឌ្ឍន៍នៃវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការគាំទ្រឱ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា តាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នឹងធ្វើការសិក្សាស្រាវជ្រាវលើការកងសាងម៉ាក ហើយលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយទៅដល់វិស័យពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។