ការបើកដំណើរការព្រលានយន្តហោះសៀមរាប-អង្គរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ដល់ខេត្តសៀមរាប
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់មន្ត្រីកាំកុងត្រូល មកពីខេត្តចំនួន៥ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានបង្ហាញក្ដីរំពឹងថា ការបើកដំណើរការព្រលានយន្តហោះសៀមរាបអង្គរ នាពេលឆាប់ៗខាងមុខនេះ នឹងជួយជំរុញសេដ្ឋកិច្ចខេត្តសៀមរាប ឲ្យមានកំណើន៥ភាគរយឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះក្នុងកំឡុងវិបត្តិជំងឺកូវីដ-១៩។
ក្នុងនោះក្រោយពីទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នូវផ្លូវ៣៨ខ្សែ ហើយនៅពេលខាងមុខនឹងមានបើកដំណើរនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលជាដង្ហើមសេដ្ឋកិច្ច លើវិស័យទេសចរណ៍ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត មានកំណើន៥%ឡើងវិញ។
លោក នាក់ ណេរ៉ុន បន្តថា កត្តានេះហើយយើងទាមទាផងដែរ លើការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ និងការរក្សានូវកម្មសិទ្ធិបញ្ញា សំដៅក្នុងការប្រកួតប្រជែងនៅក្នុងថ្នាក់តំបន់ ក៏ដូចលើពិភពលោកផងដែរ។
ជាក់ស្ដែងសម្រាប់សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះដែរ គឺជាបទពិសោធន៍ថ្មីជូនដល់មន្ត្រីកាំកុងត្រូល មកពីខេត្តចំនួន៥ មានខេត្តសៀមរាប ឧត្តរមានជ័យ ,បន្ទាយមានជ័យ ,ព្រះវិហារ និងខេត្តកំពង់ធំ ក៏ដូចជាប្រតិបត្តិករ ពាណិជ្ជករ កាន់តែបានយល់កាន់តែច្បាស់ អំពីការគ្រប់គ្រងលើផលិតផល ដែលបានចែងនៅក្នុងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និង ច្បាប់ស្តីពី ការប្រកួតប្រជែងនៅក្នុងទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។