មនុស្សស្លាប់ ៤នាក់ របួស៩នាក់ ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក នៅឯតំបន់ភ្នំ Alps
ប៉ារីស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បាននិយាយថា មនុស្ស ៤នាក់បានស្លាប់ និង៩នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍បាក់ផ្ទាំងទឹកក នៅភាគនិរតីនៃភ្នំម៉ង់ប្ល៉ង់ (Mont Blanc) ក្នុងតំបន់ជួរភ្នំអាល់ (Alps) នៃប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
លោក Darmanin បានសរសេរនៅលើ Twitter ថា ផ្ទាំងទឹកកកនៃចំណុច អាម៉ង់សែត (Armancette) របស់តំបន់ភ្នំអាល់ បានបាក់នៅវេលាពាក់កណ្តាលថ្ងៃត្រង់។ លោក អេម៉ានុយអែល កូកង់ (Emmanuel Coquand) អ្នកនាំពាក្យអាជ្ញាធរមូលដ្ឋាននៃតំបន់ អូត សាវ័រ (Haute-Savoie) បាននិយាយថា មនុស្សដែលជាប់ក្នុងហេតុការណ៍នោះគឺជាអ្នកជិះស្គីតាមជនបទនៅលើភ្នំ ហើយអត្តសញ្ញាណជនរងគ្រោះស្ថិតក្នុងដំណើរការបញ្ជាក់នៅឡើយ។ ចំណែក ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគូសបញ្ជាក់ថា ភ្នាក់ងារជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកស្លាប់ និងរបួសបន្ថែមទៀត ហើយថារដ្ឋាភិបាលនឹងនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ថា ផ្ទាំងទឹកកកនេះស្ថិតនៅក្បែរភូមិ និងរមណីយដ្ឋានជិះស្គី ឡេ កុនតាមីន ម៉ុងហ្ស័រ (Les Contamines-Montjoie) ហើយការបាក់រលាយមានទំហំធំ ដោយគ្របដណ្ដប់លើផ្ទៃដីជាង ១គីឡូម៉ែត្រក្រឡា នៅរយៈ កម្ពស់ ៣,៥០០ម៉ែត្រ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។