៣​ខែ ដើមឆ្នាំ​នេះ​! កម្ពុជា នាំចេញ​ទំនិញ​ជាង ៥​ពាន់​លាន​ដុល្លារ ទៅកាន់​ទីផ្សារ​អន្តរជាតិ

​ភ្នំពេញ​៖ រយៈពេល​៣​ខែ ដើមឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង ៥.៣​ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៥.៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តាម​ទិន្នន័យ​ដដែល​នេះ​បាន​បង្ហាញថា ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣​នេះ ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ៥.៣​ពាន់​លាន​ដុល្លារ ថយចុះ​៥.៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២ ដែលមាន​តម្លៃ ៥.៧​ពាន់​លាន​ដុល្លារ​។ ជាមួយគ្នានេះ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ ក្នុងតម្លៃ​ជាង ៥.៩​ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​២១.៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២ ដែលមាន​តម្លៃ ៧.៤​ពាន់​លាន​ដុល្លារ​។​

​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​ជាង ១១​ពាន់​លាន​ដុល្លារ ថយចុះ​១៤.៥%​។​

​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ផលិតផល​សម្លៀកបំពាក់ ត្រូវបាន​នាំចេញ​ក្នុងតម្លៃ ១.៦​ពាន់​លាន​ដុល្លារ , ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គុំ​ផ្សេងៗ​នាំចេញ​ក្នុងតម្លៃ ៧៣៦​លាន​ដុល្លារ​អាមេរិក​, ស្បែកជើង​នាំចេញ​បាន ៣២៣​លាន​ដុល្លារ​, កៅស៊ូ នាំចេញ​បាន ១៦៨​លាន​ដុល្លារ រួម​នឹង​ទំនិញ​ផ្សេងទៀត​។​

​លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និង​ជា​នាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​កាលពីពេល​ថ្មី​នេះ​ថា ការនាំចេញ​ធ្លាក់ចុះ​នៅ​ដើម​ឆ្នាំនេះ ដោយសារ​ក្នុង​ឆ្នាំ​នីមួយៗ មាន​រដូវ​កាលដែល​ត្រូវ​នាំចេញ​។ ជាក់ស្តែង​កម្ពុជា ដែលជា​ប្រទេស​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង កង់​ជាដើម គឺ​ចាំបាច់​ត្រូវគោរព​តាម​ការបញ្ជាទិញ ដែល​តម្រូវឱ្យ​នាំចេញ​ក្នុង​ខែ​ណាមួយ​។ ស្របពេល​ជាមួយគ្នា កសិផល​នៅ​ដើមឆ្នាំ​នេះ ក៏​មិនទាន់​ប្រមូល​ផល​ដែរ អាច​នាំចេញ​បាន​ច្រើន​នោះឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close