គោយន្តកន្ត្រៃរាប់សិបគ្រឿង សម្រុកចូលដឹកឈើនៅតំបន់ព្រៃឡង់យ៉ាងអាណាធិបតេយ្យ
គោយន្តកន្ត្រៃរាប់សិបគ្រឿង បានសម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលស្ថិតនៅទីតាំងក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ ដើម្បីធ្វើការកាត់នឹងអារឈើលក់ឱ្យក្រុមហ៊ុន ស៊ីងបាយអថេក។
ប្រភពពីប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសកម្មភាពនៃការកាប់អារឈើចេញពីក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែ យ៉ាងអាណាធិបតេយ្យ តំបន់ខាងលើនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃព្រៃឡង់។ យោងតាមប្រភពពីក្រុមអ្នកអារឈើ កាត់ឈើលក់នៅតំបន់នោះ បានបង្ហើបឱ្យដឹងថា ក្រុមឈ្មួញបានធ្វើការកៀងគរប្រជាពលរដ្ឋមកពីតាមតំបន់ផ្សេងៗ ដើម្បីចូលទៅកាប់ និងអាឈើលក់ទៅឱ្យឈ្មួញប្រមូលទិញផ្តាច់មុខឱ្យទៅក្រុមហ៊ុន ស៊ីងបាយអថេក ដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
ប្រភពខាងលើបន្តថា ក្រុមប្រជាពលរដ្ឋទាំងនោះគ្រាន់តែស៊ីឈ្នួលតាមការអូសទាញរបស់ក្រុមឈ្មួញឱ្យចូលទៅកាប់ឈើនៅចំណុចទីតាំងមួយចំនួនក្នុងក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ប៉ុណ្ណោះ ទាំងការកាប់និងដឹកជញ្ជូនទៅដល់ក្រុមហ៊ុន គឺបានកម្រៃចំនួន៤៥ម៉ឺនរៀលក្នុងមួយម៉ែត្រគូប ចំណែកការចំណាយនិងរត់ការជួបជាមួយមន្ត្រីជំនាញ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ គឺខាងក្រុមហ៊ុនជាអ្នកទទួលរ៉ាប់រង។ តាមពិតទៅ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអភិវឌ្ឍធ្វើអាជីវកម្មក្នុងដែនដីដែលរដ្ឋអនុញ្ញាត ប៉ុន្តែដោយសារតំបន់ដែលក្រុមហ៊ុនគ្រប់គ្រងនោះអស់ឈើកាប់ ក៏ប្រើល្បិចថ្ពិនភ្នែកអាជ្ញាធរ គឺកៀរគរប្រជាពលរដ្ឋឱ្យនាំគ្នាចុះទៅកាប់ព្រៃដឹកយកមកលក់ឱ្យក្រុមហ៊ុន ដើម្បីបានដឹកឈើចេញយកទៅលក់ស្របច្បាប់វិញ។
ដោយឡែក ពលរដ្ឋដែលបានទៅដឹកឈើនៅតំបន់ព្រៃឡង់នោះ បានលួចបង្ហើបឱ្យដឹងថា មានបុគ្គលម្នាក់ឈ្មោះមុល និងប្រពន្ធឈ្មោះ ហ៊ួ គឺជាមេការទទួលខុសត្រូវនៅក្នុងជំនួញឈើខុសច្បាប់ខាងលើទាំងការមើលថែចាប់ពីកាប់ចេញពីគល់រហូតនាំទៅលក់ឱ្យក្រុមហ៊ុន ដើម្បីក្លាយជាឈើស្របច្បាប់។ ពលរដ្ឋទាំងនោះ បានចូលទៅកាប់អារឈើឈ្លិក ដែលបានកាត់ចេញពីចំណុចទីតាំងមួយចំនួនដូចជា ចំណុចអូរកំបោរ ចំណុចកំបោរជ្រោង ចំណុចចែម៉ែ ចំណុចត្រពាំងទា និងចំណុចត្រពាំងសង្កែ ដែលភូមិសាស្ត្រទាំងនេះ ស្ថិតនៅទល់មុខស្នាក់ការបរិស្ថានត្រពាំងសង្កែ ប្រហែលជា១គីឡូរប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។