ព្រះអគ្គិជ័យកីឡា នឹងដង្ហែពីប្រទេសឡាវ មកខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី២៧ មេសា
ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ដោយជោគជ័យ ព្រះអគ្គិជ័យកីឡា បានបន្តដំណើរមកដល់ប្រទេសឡាវ ហើយកាលពីថ្ងៃពុធ ក៏បានបន្តដំណើរពីរដ្ឋធានីវៀងចន្ទន៍ ទៅដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្តិ។
តាមការគ្រោងទុក នៅថ្ងៃទី២៧ ខែមេសានេះ ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធីដង្ហែព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដោយនឹងមានការទទួលស្វាគមន៍ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។