ក្រោយ​ចូលឆ្នាំ​ខ្មែរ​! ភ្ញៀវទេសចរ​ជិត ៧៩​ម៉ឺន​នាក់ នៅ​បន្ត​ដើរលេង​កម្សាន្ត​

​ភ្នំពេញ​៖ មួយ​សប្ដាហ៍​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៧-២៣ ខែមេសា ឆ្នាំ​២០២៣ មាន​ភ្ញៀវទេសចរ​ចំនួន​៧៨៩,៤៧៣​នាក់ នៅ​បន្ត​ដើរ​ទស្សនា​កម្សាន្ត​ទូទាំងប្រទេស ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​៧៥៣,៧០៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​៣៥,៧៦៥​នាក់ ​ចំនួន​ភ្ញៀវ​ច្រើន​នេះ គឺ​ដោយសារ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​នៅ​បន្ត​ដើរលេង​នៅតាម​គោលដៅ​ទេសចរណ៍​នានា ក៏ដូចជា​បន្ត​លេង​កម្សាន្ត​កម្មវិធី​ផ្សេងៗ​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ចូលឆ្នាំ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ ១២១,៧៣៦​នាក់​
* ខេត្តស្វាយរៀង ៩៣,៥៦០​នាក់​
* ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩​នាក់​
* ខេត្តបាត់ដំបង ៨១,៤៥៣​នាក់​
* ខេត្តកំពត ៦៥,៩១៥​នាក់​
* ខេត្ត​ព្រះសីហនុ ៥៨,៨៨៩​នាក់​
* ខេត្តសៀមរាប ៥០,៤២៨​នាក់​។​

​ក្នុង​រយៈពេល​សប្តាហ៍​ក​ន្ល​ង​មក ជា​ចំនួន​ច្រើន​មួយ​ធៀប​នឹង​សប្តាហ៍​ធម្មតា​ដែល​ភ្ញៀវទេសចរ​មាន​ចំនួន​ជា​មធ្យម​ចន្លោះ​ពី​២៥-៣០​ម៉ឺន​នាក់​ក្នុង​មួយ​សប្តាហ៍ ខណៈដែល​រយៈពេល​ចូលឆ្នាំ​៣​ថ្ងៃ កម្ពុជា​ទទួលបាន​ភ្ញៀវ​សរុប​ប្រមាណ​ជាង​១៣​លាន​នាក់​។​

​អ្វីដែល​ជាការ​កត់សម្គាល់​សំខាន់​នោះ គឺជា​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ដែលមាន​ចំនួន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​ច្រើន​បំផុត ពិសេស​បន្ទាប់ពី​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បាន​យ៉ាង​ល្អ ស្រប​ជាមួយ​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​នៅ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត ពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close