សម្តេច​ពិជ័យ​សេនា ទៀ បាញ ​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា នៅ​រសៀល​នេះ​!

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែមេសា ឆ្នាំ​២០២៣​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម នឹង​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​នឹង​ចូលមក​ដល់​នៅ​សប្តាហ៍​ក្រោយនេះ​។​

​សន្និសីទ​សារព័ត៌មាន​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​។ សន្ន​សីទ​សារព័ត៌មាន​នេះ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ ការបើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះហើយ​។ នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា បន្ទាប់ពី​ខកខាន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តំបន់​អាស៊ីអាគ្នេយ៍​អស់​រយៈពេល ៦៤​ឆ្នាំ ព្រោះ តែ​វិបត្តិ​សង្គ្រាម និង​ភាពចាំបាច់​នៃ​ការកសាង​ប្រទេស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close