រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នឹង​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាពិសេស​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន ឯកឧត្តម Dr. PARK JUNG-WOOK ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ ដែល​តែងតែ​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​សង្គម​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា ក្នុង​អាណត្តិ​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​នឹង​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាពិសេស​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការពេញចិត្ត​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​សមិទ្ធផល​នេះ​មានការ​រួមចំណែក​យ៉ាងសំខាន់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ​។
​ក្នុងន័យនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ ចាប់ផ្តើម​ពិភាក្សា និង​ត្រៀម​រៀបចំ​ការចរចា​លើ​សេវាកម្ម និង​វិនិយោគ ដើម្បី​ជំរុញ​និង​លើកកម្ពស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​សហការគ្នា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ដែល​ភាគី​ទាំងពីរ​ជា​សមាជិក​មានដូចជា អា​សិប អាស៊ាន​-​កូរ៉េ ដើម្បី​ទាញយក​ប្រយោជន៍ និង​បំពេញបន្ថែម​ឱ្យ​គ្នា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សម្តែង​ការគាំទ្រ​ដល់​ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ និង​លើកទឹកចិត្ត​ឱ្យ​បន្ត​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​ពី​កូរ៉េ​និង​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​ទទួល​ជួប​គណៈប្រតិភូ​កូរ៉េ នាពេលនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។​

​ជាមួយគ្នានេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​គាំទ្រ​នូវ​អនុសាសន៍​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​ទាំងពីរ​ជា​សមាជិក តាមរយៈ​ការផ្សព្វផ្សាយ សិក្ខាសាលា ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា ជាដើម​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​ជួយ​គាំទ្រ​កូរ៉េ​លើ​បេក្ខភាព​របស់​កូរ៉េ​ក្នុង​ព្រឹត្តិការណ៍​នានា​កន្លងមក និង​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា​ការ​កៀរគរ​រក​វិនិយោគិន​កូរ៉េ និង​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។​

​នៅ​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ សំដៅ​ពង្រឹង ពង្រីក និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close