ក្រសួងសុខាភិបាល បិទនិងដកហូតអាជ្ញាប័ណ្ណមន្ទីរសំរាកព្យាបាល ចំនួន៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពីការបិទ និងដក ហូតសេចក្តីសម្រេចឱ្យ បើកមន្ទីរសំរាកព្យាបាល ចំនួន៣ គឺមន្ទីរសំរាកព្យាបាល មិត្តភាពចតុមុខ មន្ទីរសំរាកព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឈឹម និងមន្ទីរសំរាក ព្យាបាល មិត្តភាពពោធិ៍ចិនតុង ។

ក្រសួងសុខាភិបាល បានបញ្ជាក់ពីមូលហេតុ នៃសេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលទាំង៣នោះ ដោយថា មន្ទីរសំរាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការ នៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍ អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញ នៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ។

ក្នុងសេចក្ដីសម្រេចនោះ ​ក្រសួងសុខាភិបាល ក៏បានទុកជានិរាករណ៍ នូវសេចក្ដីសម្រេចលេខ ១០៩/២១ អបស/មព (មន្ទីរសំរាកព្យាបាលមិត្តភាព ចតុមុខ) , សេចក្ដីសម្រេចលេខ ១០៨/២១ អបស/មព (មន្ទីរសំរាក ព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឈឹម) និងសេចក្ដីសម្រេចលេខ ១១០/២១ អបស/មព (មន្ទីរសំរាកព្យាបាល មិត្តភាពពោធិ៍ចិនតុង) ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close