សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កសិកម្ម​ចំនួន​៣

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កសិកម្ម​ចំនួន​០៣ ដែល​ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ដែល​សរុប​ទាំងអស់​ចំនួន ៣២៧៩​នាក់ (​នារី ១ ៣១៩​នាក់ ស្មើនឹង​ជាង​៤០%) ដែល​បានបញ្ចប់​ការសិក្សា​តាម​ជំនាញ​របស់ខ្លួន​ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៩, ២០២០, ២០២១ និង​ឆ្នាំ​២០២២​។ ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​០៣​ដែល​និស្សិត​ទទួល​សញ្ញាបត្រ​នៅក្នុង​នេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​មិនមែន​គ្រាន់តែ​ជាការ​ធ្វើស្រែ ដក​ស្ទូង​ប៉ុណ្ណោះ​ទេ វិស័យ​កសិកម្ម​នេះ វា​មាន​វិសាលភាព​ធំធេង​ខ្លាំងណាស់ ដែល​គ្របដណ្ដប់​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ហើយក៏​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​ជំរុញ​សេដ្ឋកិច្ចជាតិ និង​វិស័យ​សន្ដិសុខ​ស្បៀង​ផងដែរ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​មិន​ខ្លាច​ក្នុង​ការចំណាយ​ទៅលើ​មន្ដ្រី​បច្ចេកទេស​កសិកម្ម ដើម្បី​ឱ្យទៅ​បម្រើ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​នោះទេ​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​តាមបែប​បើកទូលាយ ទៅជា​ការអភិវឌ្ឍ​តាមបែប​ស៊ីជម្រៅ គឺ​សម្ដេច​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​កន្លងមក​នេះ សុទ្ធតែ​ត្រូវយក​អាយុជីវិត​ទៅ​ប្ដូរ ដើម្បី​ស្វែងរក​សន្ដិភាព និង​កំណើនសេដ្ឋកិច្ច​ជូន​ជាតិ​មាតុភូមិ​។​

នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បី​ដោះស្រាយ​បញ្ហា​កសិកម្ម​ឱ្យ​ទទួលផល​កាន់តែច្រើន ចំណុច​សំខាន់ គឺ​ការដោះស្រាយ​បញ្ហា​ប្រភពទឹក​ជូន​ប្រជាកសិករ និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​បន្ថែម ដើម្បី​ពង្រីក​ការដាំដុះ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ក្រសួងកសិកម្ម មិន​ត្រឹមតែ​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ចេះ​ដាំ​ដុះ ឬ​ចិញ្ចឹមសត្វ​នោះទេ ប៉ុន្ដែ​ក្រសួង​ក៏ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​កែច្នៃ​ផលិតផល​សម្រេច​លើ​ផលិតផល​របស់ខ្លួន​ផងដែរ​។​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​ក្រសួងកសិកម្ម និង​ភាគី​ពាក់ព័ន្ធ​រៀបចំ​ឱ្យមាន​ក្រុមការងារ​ដើម្បី​ពង្រឹងកម្លាំង​កសិករ លើ​ការដាំដុះ ការផលិត និង​ការស្វែងរក​ទីផ្សារ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​។ សម្ដេច​បាន​បន្ថែមថា ពេល​មានទឹក​គ្រប់គ្រាន់​ហើយ អ្វីដែល​ត្រូវ​គិតគូរ​បន្ត គឺ​ការស្វែងរក​ផលិតផល​យុទ្ធសាស្ដ្រ​ក្នុង​ការដាំដុះ ដូចជា​មហិច្ឆតា​របស់​សម្ដេច គឺ​ចង់ឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​នាំ​ស្វាយចន្ទី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ច្រើនជាងគេ​លើ​ពិភពលោក​។​

​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃ​ទៀត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ត្រូវ​បញ្ចប់​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ប្រកបដោយ​ភាពជោគជ័យ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ទៀតថា ការសម្រេចចិត្ត​របស់​សម្ដេច គឺ​ត្រឹមត្រូវ​ចំពោះ​ការមិន​គិតថ្លៃ​សំបុត្រ និង​ការផ្សព្វផ្សាយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា រួម​ជាមួយនឹង​ការផ្ដល់​ការឧបត្ថម្ភ​ដល់​ប្រតិភូ​កីឡា និង​កីឡាករ​ដោយ​មិន​គិតថ្លៃ​។ នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អនុញ្ញាតឱ្យ​កីឡាករ កីឡាការិនី និង​ប្រតិភូ​កីឡា​ដែល​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាច​ចូល​ទស្សនា​នៅ​ប្រសាទ​អង្គរវត្ត​របស់​កម្ពុជា​ដោយ​គ្មាន​ការលក់​សំបុត្រ​ឡើយ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ពិត​ជាមាន​មោទនភាព​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC ដែល​បាន​ដឹកនាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ​ប្រកបដោយ​ជោគជ័យ​។ សម្ដេច​ក៏បាន​កោតសរសើ​រ​ដល់​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​គិតគូរ ចាត់ចែង​យ៉ាង​ល្អ​ក្នុងការ​សន្សំ​ថវិកា​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ដោយ​ក្តី​មោទនភាព​ចំពោះ​ការខិតខំ​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​បាន​ប្រឹងប្រែង​ដើម្បី​ទទួលបាន​នូវ​មេដាយមាស​ជាច្រើន ធ្វើឱ្យ​កម្ពុជា​ឈានឡើង​មួយកម្រិត​ទៀត​ក្នុង​វិស័យ​កីឡា​នៅក្នុង​តំបន់ ក្នុងនោះ​ក៏មាន​ប្រភេទ​កីឡា​មួយចំនួន​អាច​ឈានទៅរក​មេដាយមាស​ជា​ប្រ​វិ​ត្តិ​សាស្ដ្រ​លើកដំបូង​ជូន​ជាតិ​ក្នុងឱកាស​ព្រឹត្តិការណ៍​កីឡា​នេះ​ផងដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សិល្បករ​សិល្បការិនី​គ្រប់​ទម្រង់ ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​គ្រប់​រូបភាព គ្រប់ផ្នែក គ្រប់​សកម្មភាព ធ្វើឱ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ អាច​ដំណើការ​រៀបចំ​ទៅដោយ​ជោគជ័យ និង​មាន​មោទនភាព​ជាតិ​បំផុត​ជា​ប្រវត្តិសាស្ដ្រ​នេះ​។​ ​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​នៅថ្ងៃនេះ និង​ជូនពរ​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close