ប្រជាពលរដ្ឋជាង១រយគ្រួសារ នៅចំណុចជប់ត្រកួន ស្រុកអន្លង់វែង សុំឲ្យសម្តេចតេជោជួយ ក្រោយពីកម្លាំងចំរុះចុះរុះរើផ្ទះពួកគាត់
ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជាង១រយគ្រួសារនៅចំណុចជប់ត្រកួន ភូមិអូរតាម៉េង ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយំស្រែកនៅលើថ្នល់ជាតិ ដោយសុំឲ្យសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ ក្រោយពីកម្លាំងសមត្ថកិច្ចចំរុះស្រុកអន្លង់វែង ដេញពួកគាត់និងរុះរើផ្ទះ ដើម្បីយកដីឲ្យអ្នកផ្សេង ។
ការរុះរើនោះគឺចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2018 និងបន្តររុះរើជាបន្តរបន្ទាប់, ក្នុងពេលកម្លាំងសមត្ថកិច្ចចំរុះកំពុងរុះរើនោះ ប្រជាពលរដ្ឋបានស្រែកទ្រហ៊យំ ដោយពួកគាត់បានលើកឡើងថា សុំអោយសម្តេច ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជួយរកយុត្តិធម៌ ដោយពួកគាត់ត្រូវបាត់បង់ដំណាំ ដីធ្លី និងផ្ទះសម្បែង ដែលពួកគាត់បានរស់នៅជាង10ឆ្នាំមកនេះ ពួកគាត់បានលើកឡើងទៀតថា ពួកគាត់បានរុករានដីនិងបង្ករបង្កើនផល នៅតំបន់ខាងលើចាប់តាំងពីឆ្នាំ២០០២ ហើយក៍មានការដេញចុះឡើងពីកម្លាំងចំរុះអន្លង់វែងជាបន្តរបន្ទាប់ តែដោយសារពួកគាត់បានដាក់ពាក្យបណ្តឹងចូលដល់ក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគរូបនីយ្យកម្ម ទើបសម្រេចអោយឯកឧត្ដម សរ ថាវី អតីត:អភិបាលខេត្តឧត្តរមានជ័យ រៀបចំអោយពលរដ្ឋរស់នៅតំបន់ខាងលើដោយស្របច្បាប់និងមិនមានអ្នកណាមកដេញពួកគាត់ទៀតនោះទេ ។
រហូតដល់ថ្ងៃកើតហេតុខាងលើក៍ស្រាប់តែឃើញមានកម្លាំងចំរុះដឹកនាំដោយលោក ហោ ជិនវិរៈយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលស្រុក ចុះមករុះរើផ្ទះនិងកាប់បំផ្លាញដំណាំពួកគាត់តែម្តង ។ ដោយហេតុការខាងលើ ពួកគាត់សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជួយអន្តរាគមន៍ដល់ពួកគាត់អោយបានទាន់ពេលវេលាផង ពួកគាត់កំពុងតែប្រឈមបាត់បង់ផ្ទះសំបែងនិងដីស្រែចំការ ដែលក្រុមអ្នកមានអំណាចកំពុងរំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួនព្រោះដី១០០០ហិកតា (មួយពាន់ហិកតា) ដែលប្រមុខរាជរដ្ឋាភិបាលកាត់ខ្វាលពីដីព្រះរាជក្រិដ្ឋ តំបន់បរិស្ថានដែនជម្រកគុលេនព្រហ្មទេព្យ សំរាប់ចែកជួនប្រជាពលរដ្ឋ៣៥០គ្រួសារនៅចំណុចអូអំបិលនៅភូមិអូតាម៉ែង ប៉ុន្តែរមិនបានចែកជូនប្រជាពលរដ្ឋទេ គឺចែកតែក្រុមអ្នកមានអំណាចពីបីនាក់ តែប៉ុនណ្ណោះ។
ជុំវិញហេតុកាណ៍ខាងលើ លោក ហោ ជិនវិរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានអោយដឹងថា លោកមិនបានដឹកនាំកម្លាំងចំរុះចុះទៅរុះរើដោយចិត្តឯងទេ ហើយមុននិងប្រជាពលរដ្ឋចោទប្រកាន់ត្រូវមើលទីតាំងនោះថា តើជាដីរដ្ឋឬក៍ជាដីដែលកាត់ឃ្វាលរួចហើយ ទី2តើប្រជាពលរដ្ឋមានឯកសារកម្មសិទ្ធដីធ្លីដែលទទួលស្គាល់ពីអាជ្ញាធរដែរឺទេ ទី3 កាអនុវត្តជាកំលាំងចំរុះ រួមនឹងព្រះរាជ្ញាចុះអនុវត្តច្បាប់ មិនមែនរូបលោកជាអ្នកដឹកនាំនោះទេ ទី4 លិខិតរបស់ក្រសួងដែនដីនគរូបនីយកម្ម និងក្រសួងមហាផ្ទៃគឺបានផ្ទេរអោយសមត្ថកិច្ចដោះស្រាយហើយ បើដីរដ្នគ្មានសិទ្ធតាំងទីលំនៅទេ បើតាំងគឺខុសច្បាប់ ៕
អត្ថបទ៖ ឆានុន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។