អាជ្ញាធរ កំពុង​ជួសជុល និង​ពង្រឹង​ខឿន​រួត​បាកាណ នៅ​ផ្នែក​អាគ្នេយ៍​នៃ​ប្រាសាទអង្គរវត្ត

​ក្រុមការងារ​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​រន្ទា ដើម្បី​រើ​ដុំថ្ម​ធំៗ​ដែលមាន​សភាព​ហែក​ចេញពី​គ្នា ហើយ​រៀបចំ​ឱ្យមាន​សភាព​កិប​គ្នា​ដូចដើម​ឡើងវិញ ព្រមទាំង​សម្អាត​កម្ទេច​ដុំថ្ម​តូចៗ ធូលី​ដី​ចេញ​ផង នៅ​ខឿន​រួត​បាកាណ​នា​ផ្នែក​អាគ្នេយ៍ នៃ​ប្រាសាទអង្គរវត្ត ដែល​កំពុង​រង​ការខូចខាត​ជាច្រើន​សតវត្សរ៍​មកហើយ​។​

​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឃា​ម មុនី មានប្រសាសន៍ថា ជា​រៀងរាល់ថ្ងៃ​ក្រុម​អ្នក​ជួសជុល​បាន​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ ដើម្បី​រើ អូសទាញ​ឬ​លើក​ដុំថ្ម​ធំៗ​ចេញពី​កន្លែង​ដើម ដែលមាន​សភាព​ហែក​រំកិល​ចេញពី​គ្នា​ពី​១​ទៅ​២៧​សង់ទីម៉ែត្រ យកទៅដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយយោង​ឡើង តាម​ការប្រើ​កៅឡាក់​ចំនួន​៥ ប្រទាញ​ចុះឡើង​យ៉ាង​លំបាក ដោយ​ប្រើពេល​ជាច្រើន​ម៉ោង​ក្នុងការ​ទាញយក​ថ្ម​មួយ​ដុំៗ​។ ចំណែកឯ​ដឹកជញ្ជូន​ថ្ម​ថ្មី​ទៅ​បំពេញ​ពង្រឹង​តាម​ជ្រុង​របស់​រចនា​សម្ពន្ធរ​បស់​ខឿន​វិញ គឺ​ប្រើ​រទេះអូស​ពី​ដី​ឡើង​ទៅលើ ដោយ​ប្រើ​កម្លាំង​មនុស្ស​យ៉ាងតិច​ចំនួន​១៥​នាក់ អូស​ផង ទាញ​ផង និង​រុញ​ផង ដោយ​ក្នុង​មួយថ្ងៃៗ​អាច​យក​ដុំថ្ម​បានតែ​ចំនួន​ពី​៦​ទៅ​៨​ដុំ​ប៉ុណ្ណោះ​។​

​លោក ឃា​ម មុនី មានប្រសាសន៍​បន្ថែមទៀត​ថា ការអូសទាញ​ដុំថ្ម​ធំៗ​ឡើង​ទៅលើ​ខឿន​រួត​បាកាណ​នៅ​ផ្នែក​អាគ្នេយ៍ នៃ​ប្រាសាទអង្គរវត្ត​នេះ មិនមែនជា​ការងារ​ងា​យ​ស្រួ​ស​ទេ ដោយ​ក្រុមការងារ​ត្រូវ​ប្រើ​កម្លាំង​អូស​ឡើង​ទៅលើ កម្ពស់ ប្រហែល​ពី​៣០​ទៅ​៤០​ម៉ែត្រ ហើយ​ថ្ម​មួយ​ដុំៗ​ក៏មាន​ទម្ងន់​ធ្ងន់​ប្រមាណ​១៥០០​គីឡូក្រាម​។​ការលំបាក​ក្នុងការ​អូសទាញ​ថ្ម​ធំៗ​ឡើង​ដោយ​ដៃ​មនុស្ស​នេះ គឺ​ទាមទារ​បំផុត​ឱ្យ​ក្រុម​អ្នកជំនាញ​តស៊ូ ភាព​អត់ធ្មត់ និង​រិះរក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស​ប្រកបដោយ​គុណភាព​ខ្ពស់​មិន​ប៉ះពាល់​ដល់​សំណង់​ចាស់​ដែល​ទ្រុឌទ្រោម​ខូចខាត ព្រមទាំង​គិតពី​សុវត្ថិភាព​នៃ​ក្រុមការងារ​ដែល​កំពុងតែ​អនុវត្ត​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close