៤​ខែ ឆ្នាំ​២០២៣​នេះ​! អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​បាន ១,៥៩០​លាន​ដុល្លារ

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា និង​សម្រាប់​រយៈពេល ៤​ខែ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Meeting) ក្រោម​អធិបតីភាព​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ​។​

​ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​បង្ហាញថា​ក្នុង ខែមេសា ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៩៨៤.៥៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២៤៣.១១ លាន​ដុល្លារ​) ស្មើនឹង ៦.៨១% នៃ​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

​សរុប​រយៈពេល ៤​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៦,៤៤២.៥៤ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១,៥៩០.៧៥ លាន​ដុល្លារ​) ស្មើនឹង ៤៤.៥៤% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

​លោក គង់ វិបុល បាន​ថ្លែងថា ស្ថានភាព​ល្អប្រសើរ​នៃ​ចំណូល​សម្រាប់​រយៈពេល ៤​ខែ ឆ្នាំ​២០២៣ គឺ​អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ចំណូល​ពន្ធ ក្នុង​ខែមករា​-​មីនា ឆ្នាំ​២០២៣ បាន​ហក់​ឡើង​ខ្ពស់ ហើយ​ដែលជា​រដូវ​កាល​នៃ​ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ ប្រាក់ចំណូល ប្រចាំឆ្នាំ​២០២២​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​ពិគ្រោះ​យោបល់​ជូន​អ្នក​ជាប់ពន្ធ​តាម Call Center 1277, GDT Live Chat, Facebook, E-Mail, GDT News Channel និង​ពិគ្រោះ​យោបល់​ដោយផ្ទាល់ សរុប​ចំនួន ៣៦ ៣០៩ ករណី ក្នុង​រយៈពេល ៤​ខែ ឆ្នាំ​២០២៣៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close