បង្ក្រាប​គ្រឿងញៀន​ជិត ៥​គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ៤០​គីឡូក្រាម ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​

​ភ្នំពេញ​៖ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ រឹបអូស​ថ្នាំញៀន​ជិត ៥​គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ៤០​គីឡូក្រាម រួមទាំង​សារធាតុ​មិន​ច្បាស់​ជាង ៥៣​គីឡូក្រាម​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ភូមិ​តិ​ក្ខៈ​ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​មានឈ្មោះ ចូ​វ គ័​រ​ឆាវ ភេទ​ប្រុស ជនជាតិ​ចិន​។​

​ដោយឡែក សម្រាប់​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៤​គីឡូក្រាម ៦៨៤​ក្រាម​, សារធាតុ​គីមី​ផ្សំ​ទម្ងន់ ៣​គីឡូក្រាម​, សារធាតុ​គីមី ៤០​គីឡូក្រាម និង​សារធាតុ​មិន​ច្បាស់​ទម្ងន់ ៥៣​គីឡូក្រាម ៤២៨​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close