World Bank ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៥ភាគរយនៅឆ្នាំ២០២៣
របាយការណ៍ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញយ៉ាងរឹងមាំ ដែលដឹកនាំដោយការនាំចេញផ្នែកផលិតកម្ម និងកំណើននៃសេវាកម្ម និងកសិកម្ម ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ក្រោយការស្តារសេដ្ឋកិច្ចឡើងវិញនៃកូវីដ-១៩ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាបានរឹងមាំនៅឆ្នាំ២០២២ នៅពេលដែលកំណើនពិតប្រាកដបានកើនឡើងដល់ ៥,២ភាគរយ។ ការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃសេវាកម្ម ជាពិសេសពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ចបានជួយនាំប្រទេសកម្ពុជាត្រលប់ទៅកម្រិតកំណើនមុនកូវីដ-១៩ ជាមួយនឹងការមកដល់របស់ជនបរទេសកើនឡើង ខណៈដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម និងបានជំរុញដោយការបន្ធូរបន្ថយតម្លៃក្នុងស្រុក នៅពេលដែលតម្លៃប្រេង និងអាហារពិភពលោកមានស្ថិរភាព។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជាមួយនឹងវិស័យកសិកម្មបានពង្រីកដោយសារតែការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានផ្តល់សច្ចាប័នថ្មី កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥,៥ភាគរយ នៅឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ការថយចុះជាបន្តបន្ទាប់នៃតម្រូវការក្រៅប្រទេសអាចបន្តធ្វើឱ្យផលិតកម្មដែលផ្តោតលើការនាំចេញចុះខ្សោយ ខណៈពេលដែលការបន្តរឹតបន្តឹងហិរញ្ញវត្ថុសកលអាចបង្ហាញពីហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុដែលមានអានុភាពខ្ពស់របស់កម្ពុជា។
នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាលោកស្រី Maryam Salim បានថ្លែងថា៖ «ដើម្បីការពារការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងគោលដៅរបស់ខ្លួន និងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងពាណិជ្ជកម្មរបស់ខ្លួន ដោយជំរុញការតភ្ជាប់ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ»។
ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងដល់ ៦ភាគរយ ដែលជំរុញដោយការនាំចេញទំនិញ និងសេវាកម្មដ៏រឹងមាំ និងការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគ ជាពិសេសក្រោមភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាកំពង់ផែសមុទ្រ និងផ្លូវថ្នល់ជាដើម។ កម្ពុជាអាចជួយដល់កំណើននេះ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍន៍មនុស្ស ការការពារស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការធ្វើពិពិធកម្មនៃការនាំចេញ ដើម្បីបង្កើនភាពធន់ និងការប្រកួតប្រជែងរបស់សេដ្ឋកិច្ច។
ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យពីរបៀបដែលកម្ពុជាអាចបង្កើនការចំណាយក្នុងវិស័យសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសលើវិស័យសុខាភិបាល និងការអប់រំ ខណៈពេលដែលកត់សម្គាល់ថាគុណភាពនៃការចំណាយនោះអាចត្រូវបានកែលម្អ ជាពិសេសលើប្រសិទ្ធភាពនៃការបែងចែក និងប្រតិបត្តិការអាចជួយដោះស្រាយការបែងចែកគ្រូបង្រៀនមិនស្មើគ្នាក្នុងចំណោមកម្រិតថ្នាក់ និងការទុកចិត្តទាបពីសាធារណជននៅក្នុងគ្រឹះស្ថានសុខាភិបាលរបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។