មនុស្ស​ស្លាប់ កើន​ដល់ ៩​នាក់ ក្នុងករណី​គ្រោះទឹកជំនន់ ក្នុងប្រទេស​អ៊ីតាលី

​រ៉ូម​៖ អាជ្ញាធរ​ក្នុង​ទីក្រុង​រ៉ា​វេន​ណា (Ravenna) បានចេញ​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ខ្លួន​ជាបន្ទាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រាប់​ភូមិ​ចំនួន ៣​ដែល​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​មនុស្ស ៩​នាក់​ស្លាប់​នៅ​ទូទាំង​ភាគ​ឦសាន​នៃ​ប្រទេស​អ៉ី​តា​លី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០២៣​។​

​រថយន្តក្រុង​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ ដើម្បី​ជួយ​អ្នកស្រុក​បន្ទាប់​ទឹកទន្លេ​ឡា​ម៉ូ​នេ (Lamone) បាន​ឡើង​ហួស​ច្រាំង​។ ទន្លេ និង​ស្ទឹង​ប្រហែង​ជាង ១០ បាន​ឡើង​ជន់​លិច​នៅ​ទូទាំង​ភាគ​អាគ្នេយ៍​នៃ​តំបន់​អ៉ី​មី​ឡា រ៉ូ​ម៉ា​កណា (Emilia Romagna) បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​កាលពីដើម​សប្តាហ៍​នេះ​។
​ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា មនុស្ស​ជាង ១០,០០០​នាក់ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ ហើយ​មាន​សេចក្តី​រាយ​កាណ៍​អំពី​ការបាក់​ដី​រាប់រយ​ករណី​។ គិត​មកទល់នឹង​ពេលនេះ មាន​មនុស្ស​ចំនួន ៩​នាក់​ហើយ​បាន​ស្លាប់​។ កងកម្លាំងប្រដាប់អាវុធ និង​ឆ្មាំ​សមុទ្រ​របស់​អ៉ី​តា​លី បាន​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះបន្ទាន់ ដោយ​ការដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​ដើម្បី​នាំយក​អ្នកស្រុក​ចេញពីផ្ទះ​របស់​ពួកគេ និង​ប្រើប្រាស់​ទូក​ដើម្បី​ចូលទៅ​ដល់ផ្ទះ​ដែល​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​ទឹកជំនន់​។​

​គួរ​បញ្ជាក់ថា ទឹកជំនន់​ក៏​បណ្តាល​ឲ្យ​មានការ​លុបចោល​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​រថយន្ត Formula One Emilia Romagna Grand Prix ដែល​បានគ្រោង​ធ្វើឡើង​នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង​អ៉ី​ម៉ូ​ឡា Imola ផងដែរ ដោយ​អ្នករៀបចំ​បាន​និយាយថា ពួកគេ​មិនអាច​ធានា​សុវត្ថិភាព​របស់​អ្នកគាំទ្រ ក្រុម​អ្នកចូលរួម​ប្រកួត និង​បុគ្គលិក​ព្រឹត្តិការណ៍​បាន​នោះទេ​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close