បង្ក្រាបបទល្មើសគ្រឿងញៀនជិត ២០០គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ៣នាក់
ភ្នំពេញ៖ គ្រឿងញៀនជិត ២០០គីឡូក្រាម និងជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បង្ក្រាបបាននៅ ៥គោលដៅផ្សេងគ្នា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ គឺ៖
១៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២៖ នៅចំណុចផ្ទះជួលលេខ ៦៤E1 ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ
៣៖ នៅបុរីមួយកន្លែង ផ្ទះលេខ១០៧E ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
៤៖ នៅចំណុចបុរីមួយកន្លែង ផ្ទះលេខ១២៦ ផ្លូវលេខ ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៥៖ នៅចំណុចផ្ទះជួលលេខ ២CE1ផ្លូវ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីបង្ក្រាបទាំង ៥គោលដៅនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ភេទស្រីជនជាតិខ្មែររួមមាន៖ អ៊ឹម ស្រីពៅ អាយុ៣៨ឆ្នាំ, លាស់ ណេត អាយុ ៣៨ឆ្នាំ និងសេង គុន្ធី អាយុ៤៤ឆ្នាំ។ ដោយចាប់យកវត្ថុតាង ថ្នាំញៀន ៥ប្រភេទ (ហេរ៉ូអ៊ីន ម៉េតំហ្វេតាមីន MDMA ខេតាមីន នីមេតាហ្សេប៉ាម) ទម្ងន់ជាង១៩៣គីឡូក្រាម និង សារធាតុគីមី (មិនស្គាល់) ទម្ងន់ជាង ២.៣គីឡូក្រាម។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា គ្រឿងញៀនដែលបង្ក្រាបបាននេះ គឺបានដឹកជញ្ជូនគ្រឿងញៀនពីឡាវ កាត់តាមខេត្តស្ទឹងត្រែង ចូលមករាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង កម្លាំងជំនាញនៃមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។