ថៃចង់ឱ្យកម្ពុជាបើកច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារ ពីខាងទឹកដីថៃឡើងវិញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post មន្ត្រីខេត្តស៊ីសាកេត (Sisaket) ចង់ស្នើឱ្យកម្ពុជាបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត បន្ទាប់ពីការផ្អាកអស់រយៈពេល១៥ឆ្នាំ ដោយសារ​ជម្លោះ​ព្រំដែន​ក្នុង​តំបន់​លើ​ទឹកដី​ដែល​ប្រទេស​ទាំង២ ទាមទារ។

ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសាចំពោះការបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ ទាហាន​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​ទាំង​ពីរ​នៅ​តែ​ឈរ​ជើង​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ស៊ីសាកេត អ៊ូប៊ុនរ៉ាត់ថានី និង​សុរិន្ទ្រ ការល្បាតត្រូវបានដាក់ពង្រាយរៀងរាល់១០ ទៅ១៥ម៉ែត្រ។ កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​ទាមទារ​ឱ្យ​ភាគី​ទាំង​ពីរ​ដក​កង​ប្រដាប់​អាវុធ​ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ខាង​ភាគី​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា សេចក្តី​សម្រេច​របស់​តុលាការ​បាន​អនុញ្ញាត​ឱ្យ​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​នៅ​តាម​ព្រំដែន​ខាងក្រៅ។

ទោះបីជាសេចក្តីសម្រេចរបស់ ICJ បានបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជាគួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីអភិវឌ្ឍតំបន់ជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏មិនមានការកែលម្អអ្វីឡើយចាប់តាំងពីបទឈប់បាញ់កាលពីឆ្នាំ២០១១។ ប្រភពពីអ្នកស្រុក បានឱ្យដឹងថា មានការប៉ុនប៉ងជាច្រើនពីប្រទេសថៃក្នុងការចាប់ដៃជាមួយកម្ពុជា ក្នុងការបើកទេសចរណ៍ឡើងវិញជុំវិញបរិវេណប្រាសាទ។ ជាឧទាហរណ៍ អភិបាលខេត្ត អូរប៊ុន រាជធានី Ubon Ratchathani មួយរូបបានស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកចូលស៊ីសាកេត។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ទាំងស្រុង​ពីសំណាក់មន្ត្រីកម្ពុជា ដែលបានលើកឡើង​ថា​ មាន​តែ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជាប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​សម្រេច។

ទន្ទឹមនឹងនោះ ភាគីថៃបានលើកឡើងថា ដំណោះស្រាយ​ដ៏​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បន្ធូរបន្ថយ​ភាពតានតឹងនៅតាម​ព្រំដែន​រវាង​ថៃ និង​កម្ពុជា គឺ​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​តាមច្រកនៃ​ខេត្ត​ស្រីស្លាកែត(ស៊ីសាកេត) ហើយថៃនឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ចូល​ទៅ​កាន់តំបន់ផ្ទះក្រហម Pha Mor E-Daeng ក្នុង​ឧទ្យាន​ជាតិភ្នំព្រះវិហារ Khao Phra Viharn ឡើងវិញផងដែរ។ ភាគីថៃបានបន្តទៀតថា៖ «ប្រសិន​បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រាសាទ​ព្រះវិហារពី​ខាងទឹកដី​ថៃ​ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរ​ និង​ទាក់ទាញ​មនុស្ស​ឱ្យ​មក​ទស្សនា​កាន់​តែ​ច្រើន​។​ ដូច្នេះ [ថៃ ​និង​កម្ពុជា​] គួរ​តែ​រួម​ដៃ​គ្នា ​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close