មនុស្ស​​ស្លាប់ ២​លាន​នាក់ ដោយសារ​អាកាសធាតុ ក្នុង​រយៈពេល​កន្លះ​សតវត្ស​នេះ

​ហ្សឺ​ណែវ​៖ ទីភ្នាក់ងារ​ឧតុនិយម​របស់​អង្គការសហប្រជាជាតិ (WMO) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការខូចខាត​សេដ្ឋកិច្ច​ដែល​បង្កដោយ​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​នៅតែ​បន្ត​កើនឡើង បើទោះបីជា​ការកែលម្អ​នៅក្នុង​ប្រព័ន្ធ​ព្រមាន​ជាមុន បាន​ជួយ​កម្រិត​ចំនួន​អ្នកស្លាប់​និង​របួស​ក៏ដោយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែឧសភា ឆ្នាំ​២០២៣​។​

​នៅក្នុង​របាយការណ៍​ដែល​បានធ្វើ​បច្ចុប្បន្នភាព អង្គការ​ឧតុនិយម​ពិភពលោក​ឱ្យដឹងថា មាន​គ្រោះមហន្តរាយ​ជិត ១២,០០០​ករណី​បង្កឡើង​ដោយ​អាកាសធាតុ​ធ្ងន់ធ្ងរ និង​បាតុភូត​ទាក់ទង​នឹង​ទឹកជំនន់​ក្នុង​រយៈពេល​កន្លះ​សតវត្ស​ចុងក្រោយ​នេះ នៅ​ទូទាំង​ពិភពលោក ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ២​លាន​នាក់ និង​បណ្តាលឱ្យមាន​ការខូចខាត​សេដ្ឋកិច្ច​ចំនួន ៤.៣​ពាន់​ពាន់​លាន​ដុល្លារ​។​

​ការសន្និដ្ឋាន​យ៉ាង​មុតមាំ​ដែល​បានមកពី​អង្គការ​ឧតុនិយម​ពិភពលោក (WMO) នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​រយៈពេល ៤​ឆ្នាំ​របស់ខ្លួន​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក ដោយ​សង្កត់​ពី​ភា​ចាំបាច់​ត្រូវធ្វើ​បន្ថែមទៀត ដើម្បី​កែលម្អ​ប្រព័ន្ធ​ព្រមាន​ជាមុន សម្រាប់​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ត្រឹម​កាលបរិច្ឆេទ​គោលដៅ​នៃ​ឆ្នាំ​២០២៧​។​

WMO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​បាន​កើនឡើង​យ៉ាងខ្លាំង​។ ប៉ុន្តែ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការព្រមាន​ជាមុន និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ បាន​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​កន្លះ​សតវត្ស​កន្លងមកនេះ​។ និន្នាការ​កើនឡើង​នៃ​ការខាតបង់​សេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​»៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close