អាជ្ញាធរជាតិអប្សរា សម្អាតនិងជួសជុលវត្ថុសិល្បៈ ដែលបានមកពីការធ្វើកំណាយ នៅទំនប់ខាងត្បួង ឈៀងខាងលិចនៃស្រះស្រង់
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងសម្អាត និងជួសជុលវត្ថុសិល្បៈចំនួន១០៥៥ បន្ទាប់ពីបានរកឃើញនៅក្នុងការធ្វើកំណាយបុរាណវិទ្យានៅទំនប់ខាងត្បួង ឈៀងខាងលិច នៃស្រះស្រង់។ បច្ចុប្បន្ន សកម្មភាពសម្អាតទាំងនេះ កំពុងប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងកំពុងធ្វើការបង្ហាញជាសាធារណៈ ក្នុងកំឡុងពេលមានការរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៃវត្ថុសិល្បៈទាំងនោះ ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
លោកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។ បច្ចុប្បន្នក្រុមការងារ កំពុងធ្វើការសម្អាតកម្រិតមធ្យម ដោយវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើនដូចជា៖ រុំព័ទ្ធទៅដោយកំណកដីក្តាំង ស្នឹមព័ណ៌បៃតង ពុកផុយ សឹក ច្រេះ ស្នាមប្រេះ និងបាក់ជាបំណែក។
ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្ត្រ នៃការសម្អាតវត្ថុសិល្បៈទាំងនេះ សូមអញ្ជើញសាធារណជន ចូលទៅទស្សនាដោយផ្ទាល់ ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។