រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសរួមគ្នាមួយ ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមប្រកាសដែល ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។
តាមរយៈប្រកាសថ្មីនេះបញ្ជាក់ថា ត្រូវបានលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចខាងក្រោម៖
១៖ ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ថ្មី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។
២៖ ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។
៣៖ ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។
ការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដីនេះ ត្រូវបានគេមើលឃើញថា ដើម្បីជំរុញដល់ការងើបឡើងវិញ នៃវិស័យចលនទ្រព្យកម្ពុជា ដែលកំពុងរងរបួសដោយសារវិបត្តិសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។