សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បានទទួល​សមុច្ច័យ​ជា សំពត់​ហូល និង​ផាមួង មាន​អាយុកាល​យូរ​ឆ្នាំ ពី​ប្រជាពលរដ្ឋ ១១​គ្រួសារ រស់នៅ​ស្រុក​ព្រៃកប្បាស

​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ក្រុមការងារ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បានធ្វើ​ដំណើរ​ទៅកាន់​ស្រុក​ព្រៃកប្បាស នៃ​ទឹកដី​ខេត្តតាកែវ ដើម្បី​ទទួល​សមុច្ច័យ មានដូចជា​៖ សា​រ៉ុង​សូត្រ សំពត់​ហូល អាវ​ផាមួង និង​ក្រណាត់​ហូល ចំនួន​២០​សមុច្ច័យ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ រស់នៅ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានប្រគល់​ជូន យកមក​រក្សាទុក​ក្នុង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដើម្បី​តាំង​បង្ហាញជូន​សាធារណៈ​បាន​ទស្សនា និង​សិក្សា​ស្វែងយល់​។

 

​សំពត់​ហូល អាវ​ផាមួង សា​រ៉ុង​សូត្រ និង​ក្រណាត់​ហូល បងប្អូន​ប្រជាពលរដ្ឋ​បានប្រគល់​ជូន មាន​ព័ណ៌​ចម្រុះ ត្បាញ​ដោយ​ដៃ មាន​អាយុកាល​ខ្លះ ចន្លោះ​ពី​៥០​ឆ្នាំ ៤០​ឆ្នាំ ឬ​៣០​ឆ្នាំ ឬ​ក្រោម​នោះ​បន្តិច តាម​ការរក្សា​ទុក​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃកប្បាស ដោយមាន​ក្បាច់រចនា​ផ្សេងៗ​យ៉ាង​ស្រស់ស្អាត ដូចជា​៖ ក្បាច់​គោម​ក្រឡា​ការ៉ូ ក្បាច់​គោម​បាត់ដំបង ក្បាច់​គោម​ផ្កា​ច័ន្ទ ក្បាច់​គោម​ខ្សែ​ពីរ​ជាន់​ក្នុង​កូន​គោម ក្បាច់​គោម​ខ្សែ​គ្រាប់​តាន់ អាវ​ផាមួង​គុណ​សាច់​ហូល​ជាយ អាវ​ផាមួង​គុណ​សាច់​ហូល​ជាយ​បិទ​ប៉ាក់​ផ្កា​ខាងមុខ ក្បាច់​គោម​កូន​ហ៊ីង​ខ្សែ ក្បាច់​គោម​ក្រឡា​សំណាញ់​គោម​កូន​ហង្ស ក្បាច់​គោម​សំបុក​ពីងពាង ក្បាច់​គោម​ខ្សែ​ថ្នក់ ក្បាច់​គោ​មក​ន្ទេ​សឡង់ ក្បាច់​ក្តឹប​ក​ន្ទឹ​ម​និង​ក្ងោក​ទំលាក់​កន្ទុយ ក្បាច់​គោម​ខ្សែរ​ថ្នក់ កូន​គោម​ក្នុង​គោម ក្បាច់​គោម​ខ្សែរ​ថ្នក់​ក្នុង​គោម​ផ្កាយព្រឹក និង​ក្បាច់​គោម​ត្បួ​ង​ពេជ្រ​។ ត្រូវបាន​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រៃ​ណី​អាស៊ី ទទួល​យកមក​ថែរក្សា​បន្ត ដើម្បី​ទុកជា​កេរដំណែល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ទស្សនា និង​សិក្សា​ស្វែងយល់​។​

​អ៊ំ​ុ​ស្រី លី ណៃ​ស្រ៊ី​ម អាយុ​៧៥​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​ស្នួល​ខ្ពស់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា ជាច្រើន​ជំនាន់​មកហើយ​គ្រួសារ​អ៊ំស្រី​ជា​អ្នក​តម្បាញ​ហូល​ផាមួង អ៊ំ​ុ​ស្រី​បាន​ចេះ​ត្បាញ​ហូល​ផាមួង​តាំងពី​អាយុ​១៤​ឆ្នាំ​មក​។ ដោយ​ចេះ​ត្បាញ​បន្ត​ពី​ម្តាយ​និង​ជីដូន ពោលគឺ​តាំងពី​ជំនាន់​លន់​ណុល​មកម្ល៉េះ​។ សំពត់​ហូល ដែល​អ៊ំ​ុ​ស្រី​ប្រគល់ជូន​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី យកទៅ​រក្សាទុក ជា​ហូល​ក្បាច់​គោម​បាត់ដំបង ដោយ​អ៊ំស្រី​ជា​អ្នក​ត្បាញ​ដោយ​ផ្ទាល់ដៃ និង​បាន​ថែរក្សា​ទុក​តាំង​សម័យ​ប៉ុលពត ដោយ​លាក់ទុក​នៅក្នុង​ខ្នើយកើយ និង​បន្ត​ថែរក្សា​មកដល់​បច្ចុប្បន្ន មាន​អាយុកាល​៥២​ឆ្នាំ​មកហើយ គឺ​នៅ​សេសសល់​តែមួយ​ក្បិន​នេះ​ប៉ុណ្ណោះ ។

ដោយ​យល់ថា សំពត់​ហូល​មួយ​ក្បិន​នេះ ជា​ស្នាដៃ​ដំបូង​ដែល​អ៊ំស្រី​ត្បាញ ដោយ​ក្តី​ស្រឡាញ់​ជាខ្លាំង និង​ពេញចិត្ត​ប្រគល់ជូន​មកកាន់​សារមន្ទីរ ក្នុង​គោលបំណង​ថែ​រក្សាទុក​កេរដំណែល ដល់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ សំពត់​ហូល​ដែលជា​ស្នាដៃ​ត្បាញ​កូន​ខ្មែរ​ពិតប្រាកដ​។ ​អ៊ំ​ុ​ស្រី​បន្តថា សំពត់​ហូល​មួយ​ក្បិន​នេះ បាន​ជ្រលក់​ព័ណ៌​ចំនួន​៣​ទឹក ប្រើប្រាស់​ល័​ក្ខ​ខ្មែរ​ពី​សម័យ​ដើម​សុទ្ធសាធ មានគុណ​ភាពល្អ និង​មាន​ភាពស្រស់ស្អាត​។​

​សូមជម្រាបថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ សារមន្ទីរ​បើក​ឱ្យ​សាធារណៈជន​បាន​ចូល​ទស្សនា នៅ​រៀងរាល់ថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​ពុធ ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ដល់​ម៉ោង​៤​ល្ងាច​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close