អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​និង​អគ្គិសនី​កម្ពុជា​ ​ប្រកាស​រួមគ្នា​ថា​ ​នឹង​បញ្ចុះតម្លៃ​ភ្លើង​នៅ​ត្រឹម៧៤០រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​នៅដើម​ឆ្នាំ២០១៩

អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាប្តេជ្ញាថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ តម្លៃភ្លើងនឹងចុះទៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាលតម្លៃ ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ នឹងដំណើរការនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងគោរពទៅតាមអនុសាសន៍សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញឱ្យអគ្គិសនីបញ្ចុះតម្លៃភ្លើងចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៩

ការបញ្ជាក់បែបនេះរបស់អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាបានធ្វើ ឡើងកាលពីចុងសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគ និងផ្សារឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ី នៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងដែលផ្គត់ផ្គង់ ដោយឯកជនចែកចាយបន្តមានតម្លៃចាប់ពី១៥០០រៀលទៅ២០០០រៀល ហើយបញ្ហានេះ យើងបាននឹងកំពុងប្រជុំដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នកលក់ដូរភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តមស្នើសុំឱ្យ អាជ្ញាធរខណ្ឌ-សង្កាត់ សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក្កយបត្រភ្លើងនៅក្នុងផ្សារ ដើម្បីយើងធ្វើសំណើមកក្រុង ក៏ដូចជាទៅខុទ្ទកាល័យសម្តេចតេជោ និងក្រសួងពាក់ព័ន្ធ។ នៅពេលសំណើនេះចុះមកវិញ យើងនឹងអនុវត្តន៍តម្លៃភ្លើងទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការអនុវត្តនេះ ក្រុមការងារក្រោមការសហការ ពីអាជ្ញាធររាជធានី នឹងធ្វើឱ្យបានជោគជ័យយ៉ាងយូរក្នុងសប្តាហ៍ទី៣ ក្នុងខែមករា ឆ្នាំ២០១៩ ដោយអគ្គិសនីនឹងបញ្ចុះតម្លៃទៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាល គឺ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់។ តែផ្ទុយទៅវិញបើក្រុមហ៊ុនឯកជន នៅក្នុងផ្សារនានាមិនអនុវត្តន៍តាម យើងនឹងបិទអាជីវកម្មតែម្តង។ ឯកឧត្តមបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះយើងកែទម្រង់វិក្កយបត្រថ្មី ដើម្បីឱ្យសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close