ឱកាស​ការងារ ១.៥ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ជាច្រើន ត្រូវ​ផ្តល់ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ ក្នុង​ខេត្តបាត់ដំបង​

​បាត់ដំបង​៖ កាលពី​ថ្ងៃទី​៣១ ឧសភា ម្សិលមិញ ឱកាស​ការងារ​សរុប​ប្រមាណ ១.៥ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ជាច្រើន​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម ត្រូវបាន​នាំយក​ទៅជូន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​ក្នុង​ខេត្តបាត់ដំបង​តាមរយៈ​វេទិកា​ទស្សន​កិច្ចការងា​រ​ស្តីពី​៖ «​ឱកាស​ការងារ និង​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​» ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​នៃ​អង្គការ Swisscontact និង​មានការ​គាំទ្រ​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបាត់ដំបង​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​នា​ព្រឹក​ថ្ងៃនេះ លោកស្រី ឌី ចង្កុលណី អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន​លើកឡើងថា​៖ “​វេទិកា​ទស្សន​កិច្ចការ​ងារ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការផ្ដល់សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​របស់​រាជរដ្ឋាភិបាល ដែល​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​។ NEA បានរៀបចំ​វេទិកា​ការងារ កិច្ច​សម្ភាស​ការងារ និង​ពិ​ព័រ​ណ៌​ការងារ ជាប្រចាំ​នៅតាម​មជ្ឈមណ្ឌល​ការងារ​ទាំង​១៤ រាជធានី​-​ខេត្ត ដើម្បី​ផ្តល់ឱកាស​ការងារ និង​កម្មសិក្សា​ការងារ​ដល់​យុវជន សិស្ស​/ និង​អ្នកស្វែងរក​ការងារ​។ ដើម្បី​ជំរុញ​ឲ្យ​វេទិកា​ការងារ​កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា និង​រៀបចំ​ជា​បណ្ដុំ​តំបន់ NEA រៀបចំ​ឲ្យ​មាន​វេទិកា​ទស្សន​កិច្ចការងា​រ​ក្នុង​ខេត្ត​ចំនួន​៤ (​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ចំនួន​៣ និង ខេត្តកំពង់ចាម​)​។ NEA នឹង​គ្រោង​រៀបចំ​វេទិកា​ទស្សន​កិច្ចការងា​រ​របៀបនេះ​បន្តទៀត​ដោយ​រៀប​ជា​បណ្ដុំ​តំបន់ៗ​ដោយ​ចាប់ពី ៤ ទៅ ៥ ខេត្ត​។​”

​លោក យី សុង​គី អនុប្រធាន​ប្រចាំការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង បាន​លើកឡើងថា​៖ “​វេទិកា​ទស្សន​កិច្ចការ​ងារ​នេះ ជា​ឱកាសល្អ​ណាស់​សម្រាប់ យុវជន សិស្ស​-​និស្សិត និង អ្នកស្វែងរក​ការងារ​នៅក្នុង​ខេត្ត​គោលដៅ​ទាំង ៤ ពិសេស​យុវជន​នៅក្នុង​ខេត្តបាត់ដំបង​ដើម្បី​ទទួលបាន​ឱកាស​ការងារ កម្មសិក្សា​ការងារ​រាប់ម៉ឺន​កន្លែង និង​ព័ត៌មាន​អំពី​វគ្គ​បណ្តុះបណ្តាល​ជំនាញ​។ ​ពួកគាត់​ក៏​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ពី​សំណាក់​វាគ្មិន​ជំនាញ អំពី​ការត្រៀម​លក្ខណៈសម្បត្តិ​ចូល​ទីផ្សារការងារ សម្រាប់​ការបង្កើន​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​កាន់តែ​ប្រសើរ​។ ដូច្នេះ យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​ក្នុង​ខេត្ត​គោលដៅ​ទាំង ៤ កុំ​ភ្លេច​ត្រៀម CVs ដើម្បី​ចូលរួម​ដាក់ពាក្យ​ស្វែងរក​ការងារ​ជាមួយ​ក្រុមហ៊ុន សហគ្រាស ដែល​ខ្លួន​ពេញចិត្ត​។​”

​បន្ទាប់ពី​ខេត្តបាត់ដំបង កម្មវិធី “​វេទិកា​ទស្សន​កិច្ចការ​ងារ​” នឹងត្រូវ​រៀបចំ​បន្តទៀត​ក្នុង​ខេត្ត​សៀម នា​ថ្ងៃ​សុក្រ ទី​០២ ខែមិថុនា នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា និង​ចុងក្រោយ​នៅ​ខេត្តកំពង់ចាម ថ្ងៃ​អង្គារ ទី​០៦ ខែមិថុនា នៅ​អគារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែរ​ថា “​វេទិកា​ការងារ​” និង “​សិក្ខាសាលា​អំពី​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​” នេះ គឺ​យន្តការ​នៃ​ការផ្តល់សេវា​ការងារ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​តាមរយៈ NEA នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការជួយ​ស្វែង​ការងារ​ធ្វើ​ជូន​ដល់​យុវជន ហើយ​ត្រូវបាន​រៀបចំឡើង​ជាប្រចាំ​ដោយ NEA ដើម្បី​ជួយ​ផ្គូរ​ផ្គង និង​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ទៅដល់​ក្រុមហ៊ុន សហគ្រាស ដែល​កំពុង​ត្រូវការ​បុគ្គលិក​និង​កម្មករនិយោជិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close