៥ខែដើមឆ្នាំនេះ កម្ពុជារកចំណូលពីការលក់បណ្ណចូលទស្សនាអង្គរបានជាង១៦លានដុល្លារ
ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនាតំបន់កម្សាន្តអង្គរ បានចំនួន១៦ ០៦៥ ៨២៩ដុល្លារ កើនឡើង៧៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
យោងតាមគ្រឹះស្ថានអង្គរបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានប្រមាណជាង ៣៤ម៉ឺននាក់ កើនឡើង ៦៥៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះគ្រឹះស្ថានអង្គរក៏បានឱ្យដឹងដែរថា ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណទៅដល់ភ្ញៀវទេសចរបរទេស តាមរមណីយដ្ឋានផ្សេងៗ រួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ជាដើម។ ដោយក្នុងនោះ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកេរ ជិត៩ម៉ឺនដុល្លារ និងការលក់សំបុត្រទូក បានប្រមាណជាង ២៦ម៉ឺនដុល្លារផងដែរ។
គួររំលឹកដែរថា ក្នុងត្រីមាសដំបូងឆ្នាំ២០២៣ ពោលគិតចាប់ពីខែមករា ដល់ខែមីនា កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរបានចំនួន ១១ ១៣៥ ៤៩២ ដុល្លារ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ២៣៦ ៣៤១ នាក់ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។