ក្នុង​សប្តាហ៍​នេះ​! កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧-១៣ ខែមិថុនា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម គួបផ្សំ​និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ លាយឡំ ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ដោយឡែក​ចំពោះ​បណ្តា​ខេត្ត​-​រាជធានី នៅ​ភាគ​ខាងក្រោម​បរិមាណ​ភ្លៀង​អាចមាន​កម្រិត​ថមថយ​ជាង​បន្តិច​។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ដែល​ផ្នែក​ខ្លះ​អាច​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​លើ​ផ្ទៃដី និង​ផ្ទៃសមុទ្រ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ បន្ថែម​ដោយ​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close