រថយន្ត ៩ គ្រឿង បុកបន្តគ្នា ក្បែរចំណោតយាយម៉ៅ ពេជ្រនិល ស្លាប់ម្នាក់ របួសធ្ងន់ ពីរ នាក់
កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មានស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈបុរស ពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់ ដោយសាររថយន្តតូចធំ ចំនួន ៩ គ្រឿង បានបុកបន្តកន្ទុយគ្នា។ ករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ២និង២០នាទី រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណោត យាយម៉ៅ ពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមការឱ្យដឹងពី សមត្ថកិច្ចមូលដ្ឋាន ស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកពីក្រោយរថយន្ត បន្តកន្ទុយគ្នាចំនួន ៩ គ្រឿងនេះ ក្នុងដំណើរស្របទិសគ្នា ពីទិសខាងកើត ទៅខាងលិច បណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែង និងបុរស ពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់។
ករណីនេះ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណៈកំពុងសម្របសម្រួល លើករណីកកស្ទះចរាចរណ៍ និងកំពុងជួយសង្គ្រោះមនុស្ស ទៅកាន់មន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។