កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​ដំណើរ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បាន​ឈានដល់​ពិធី​ចុះហត្ថលេខា ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព​។​

​ស្របតាម​ស្មារតី​នេះ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ការផ្តល់​សច្ចាប័ន្ន​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​វិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជា​អ្នកប្រើប្រាស់​នៃ​ភាគី​ទាំងពីរ អាច​ច្បាម​យក​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​កាលានុវត្តភាព​ធុរកិច្ច​និង​វិនិយោគ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់ឱ្យ​នាពេលខាងមុខ​។​

​ជាមួយគ្នានេះ វិនិយោគិន និង​ធុរជន​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​មកពី​វិស័យ​ថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និង​ក្រុមប្រឹក្សា​វិនិយោគ ក៏បាន​ធ្វើការ​ណែនាំ​ខ្លួន​ជូន​ដល់​កិច្ចប្រជុំ និង​ជម្រាបជូន​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​របស់ខ្លួន ដែល​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​បា​ន​ជាមួយ​វិនិយោគិន និង​ធុរជន​កម្ពុជា នាពេលខាងមុខ​។​

​នៅ​កិច្ចបញ្ចប់​នៃ​ជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​អញ្ជើញ​ចូលរួម​ក្នុង​ស​ន្និសិទ​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ជាថ្មី​ម្តងទៀត​ជូន​សាធារណជន អំពី​អត្ថប្រយោជន៍ ដែល​រំពឹងថា​អាច​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (CEPA) ជាពិសេស​នៅពេលដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close