ឯកឧត្តម ថោង ខុន បង្ហាញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជម្រាប​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​បង្ហាញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នេះ ដល់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លោក ថា​នី​ប៊ី​ន អា​ម៉េ​ដ អាល់ ហ្សេ​យូ​ឌី ក្នុងជំនួប​ពិភាក្សា​ការងារ​នា​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានបង្ហាញ​ចំណាប់អារម្មណ៍​នៃ​ការរីកចម្រើន​នៅ​ប្រទេស​កម្ពុជា និង​ចង់​ស្វែងយល់​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាប​ដល់​លោក​រដ្ឋមន្ត្រីរ​ពាណិជ្ជក​ម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ថា កម្ពុជា​មានឱកាស​វិនិយោគ​ច្រើន ពិសេស​លើ​វិស័យ​ទេសចរណ៍ ដែល​កំពុង​ត្រូវការ​ការអភិវឌ្ឍ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​រួមចំណែក​ក្នុង​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ថែម ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​លើកទឹកចិត្ត​ខ្ពស់​ដល់​អ្នកវិនិយោគ​គ្រប់គ្នា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាច​ទំនាក់ទំនង​ជាមួយ​ស្ថាន​តំណាង​ក្រសួងទេសចរណ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ឌូ​បៃ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​កម្ពុជា ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ការអភិវឌ្ឍ​សេដ្ឋកិច្ច​/​សង្គម ការវិនិយោគ និង​សក្ដានុពល​វិស័យ​ទេសចរណ៍​។​

​ឯកឧត្តម ថោង ខុន បាន​បន្តទៀតថា នៅ​ប្រទេស​កម្ពុជា​កំពុងមាន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​សុខសន្តិភាព ស្ថិរភាព មានការ​អ​ភ​វិ​ឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ទីក្រុង ផ្លូវ​ល្បឿន​លឿន ដែល​អាចឱ្យ​អ្នកវិនិយោគ​មើលឃើញ​ពី​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​បាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើឱ្យ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​សូមជួយ​ជំរុញ ឱ្យមាន​ការហោះ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates ពី​ឌូ​បៃ​មក​កម្ពុជា​ឡើងវិញ ដើម្បី​កំណើន​ទេសចរ​ពី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​មកកាន់​កម្ពុជា​បន្ថែមទៀត និង​ជួយ​សហការ​ជំរុញ​ការចុះ​អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ច​សហ​ប្រ​ត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ឡើងវិញ ដែល​ធ្លាប់បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១២​ហើយ ដែល​ប​ច្ច​ប្បន្ន​បាន​អស់​សុពលភាព​។​

​គួរ​ជម្រាប​ថា កន្លងមក រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​ការតភ្ជាប់​ជើងហោះហើរ​ឌូ​បៃ​-​យ៉ាង​ហ្គូ​ន​-​ភ្នំពេញ ដែលជា​មធ្យោបាយ​សម្រាប់​ការធ្វើដំណើរ​របស់​ទេស​ចរ​ទៅមក​ប្រទេស​ទាំងពីរ និង​ទាក់ទាញ​រំហូរ​ទេសចរ​ប្រទេស​ទី​៣​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close