លោក សៅ សុខា ៖ អាជ្ញាធរកំពុងចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តពោធិ៍សាត់ និងស្វាយរៀង តែមិនទាន់ចាប់បានជនល្មើស
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានឱ្យដឹងថា ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង គឺជាគោលដៅធំជាងគេក្នុងការចុះអនុវត្តបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋខុសច្បាប់ ខណៈអាជ្ញាធរថ្នាក់ក្រោមជាតិកំពុងពង្រាយកងកម្លាំងចុះបង្ក្រាបតាមទីតាំងដែលមានបទល្មើសព្រៃឈើផ្សេងៗទៀតដូចគ្នា។
លោក សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានប្រសាសន៍ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិអស់រយៈពេលជិត១សប្តាហ៍មកនេះ អាជ្ញាធរនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយ។ ក៏ប៉ុន្តែ នៅខេត្តស្វាយរៀង អាជ្ញាធរខេត្តបានចុះដកបង្គោលដែលពលរដ្ឋចាប់យកដីរបស់រដ្ឋក្នុងស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋចំនួន៥០ហិកតា និងបានដកកូនកៅស៊ូ ចំនួន២៥០ដើមផង។
ក្រៅពីខេត្តពោធិ៍សាត់ និងស្វាយរៀង គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏កំពុងបន្តប្រមូលព័ត៌មានអំពីករណីកាប់ទន្ទ្រានព្រៃឈើរំលោភយកដីរដ្ឋនៅតាមបណ្តាខេត្តផ្សេងទៀតដូចគ្នា មុននឹងឈានដល់ការចុះបង្ក្រាបជាក់ស្តែង ខណៈអាជ្ញាធរនឹងកំណត់ការចុះបញ្ជីដីរបស់រដ្ឋដើម្បីងាយស្រួលចុះបង្ក្រាប។ ហើយ ទាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តចុះស្រាវជ្រាវមេខ្លោងដែលនៅពីខាងក្រោយករណីទន្ទ្រានដីរដ្ឋខុសច្បាប់ និងឈរកាងពីក្រោយដើម្បីកាប់បំផ្លាញព្រៃឈើ។
ចំពោះករណីកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ លោក សៅ សុខា ទទួលស្គាល់ថា ពិតជាកើតមានឡើងមែន បើទោះបីអាជ្ញាធរបន្តចុះល្បាត និងបង្ក្រាបជាប្រចាំយ៉ាងណាក្តី។ តែយ៉ាងណា លោកថា ករណីនេះមិនអាចទប់ស្កាត់បានភ្លាមៗ និងឱ្យអស់គ្មានសល់បានឡើយ ត្បិតពលរដ្ឋខ្មែរមួយចំនួននៅបន្តមានតម្រូវការឈើដើម្បីយកមកធ្វើផ្ទះ និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។