៥ខែដំបូង ឆ្នាំនេះ! ទំហំពាណិជ្ជកម្មកម្ពុជា រវាងអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាដើមសប្តាយ៍មុនបានថ្លែងឲ្យដឹងថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការនាំចេញទំនិញ។
ឯកឧត្តមបន្តថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្ត្រនយោបាយ ក៏ដូចជាជំងឺកូវីដ១៩។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ការនាំចេញអាចមានការប្រែប្រួល ឬមានការកើនឡើងវិញ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។