ករណីបុរី VIP រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឲ្យអាជ្ញាធរខណ្ឌដង្កោ សហការជាមួយស្ថាប័នពាក់ព័ន្ធដោះស្រាយឲ្យបានឆាប់
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១២ ខែមិថុនា បានចាត់ឱ្យលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ហាទិញផ្ទះនៅបុរី VIP ជូនប្រជាពលរដ្ឋបន្តទៀត ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពន្លឿននៃការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៏ ពីក្រុមហ៊ុនបុរី VIP ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឱ្យបានលឿន និងឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង។
ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំ បានឯកភាពគ្នាចំនួន៤ចំណុច ក្នុងនោះ រួមមាន៖ ១. រដ្ឋបាលខណ្ឌដង្កោ ត្រូវដឹកនាំក្រុមការងារដែលមានការចូលរួមពីទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ចុះទៅពិនិត្យ ទីតាំងផ្ទះ-ដីឡូតិ៍ ដើម្បីធ្វើការផ្ទៀងផ្ទាត់ស្ថិតិរបស់ប្រជាពលរដ្ឋ និងស្ថិតិរបស់ក្រុមហ៊ុនបុរីវីអាយភី ចាប់ពីគម្រោងទី១ ដល់គម្រោងទី៦ ឱ្យបានច្បាស់លាស់ រួចរាយការណ៍ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
២. ស្នើឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការងារនេះ ជាមួយម្ចាស់បំណុលផ្ទាល់ថា តើក្រុមហ៊ុនបានសងទៅម្ចាស់បំណុលបានប៉ុន្មានហើយ រួចមកផ្ទៀងផ្ទាត់ បំណុលរបស់ក្រុមហ៊ុនបុរីវីអាយភី និងដើម្បីពិនិត្យមើលអតិថិជនរូបណាដែលបានអនុវត្តតាមកិច្ចសន្យា និងមិនបានអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយជូនគាត់។
៣. ក្រោយពីប្រជុំរួច រដ្ឋបាលខណ្ឌត្រូវយកលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ទៅធ្វើការផ្សព្វផ្សាយ និងណែនាំ ដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យអាជ្ញាធរសម្របសម្រួលដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ។
៤. បន្ទាប់ពីបានលទ្ធផលខាងលើ អង្គប្រជុំ នឹងប្រជុំម្តងទៀត នៅសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។