៥ខែ ឆ្នាំ២០២៣! កម្ពុជា ទទួលភ្ញៀវអន្តរជាតិជាង ២លាននាក់ ខណៈទេសចរក្នុងស្រុក ១០លាននាក់
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។
ឯកឧត្ដម ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។
ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្ត្រជាតិនេះឡើង។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិនេះ ត្រូវបានរៀបចំឡើងផ្អែកលើអភិក្រមនៃការចូលរួម គឺបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ក្នុងនោះមានការប្រជុំកម្រិតបច្ចេកទេសចំនួន ៥លើក និងលើកចុងក្រោយ បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតអន្តរក្រសួង ដែលមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កាលពីថ្ងៃទី២៣-២៤ ខែឧសភាព ឆ្នាំ២០២៣កន្លងទៅ ដែលជាមូលដ្ឋានក្នុងការពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលបន្ថែមលើ សេចក្ដីព្រាងនៃឯកសារនេះ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥នេះ មាន ៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្ដ្រចំនួន០៣ និងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន១០ ហើយសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ រៀបចំឡើងដោយអនុលោមទៅតាមខ្លឹមសារនៃច្បាប់ស្តីពីទេសចរណ៍ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងសេចក្តីព្រាងយុទ្ធសាស្ត្របញ្ចកោណ ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយ/យុទ្ធសាស្ត្ររបស់វិស័យពាក់ព័ន្ធផងដែរ។
បន្ថែមពីនេះ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ បន្តកែសម្រួលតាមធាតុចូលបន្ថែមរបស់អង្គប្រជុំ និងរៀបចំរបាយការណ៍គោរពស្នើសុំលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងដាក់គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឬដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។