អង្គការ​ទេសចរណ៍​ពិភពលោក សន្យា​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញ​៖ លោក ហ្សូ​រ៉ាប ប៉ូ​ឡូ​លីកា​ស្វី​លី (Zurab Pololikashvili) អគ្គលេខាធិការ​អង្គការ​ទស​ចរណ៍​ពិភពលោក បាន​សន្យាថា នៅតែ​បន្ត​គាំទ្រ និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​។ លោក ហ្សូ​រ៉ាប បាន​ថ្លែង​សន្យា​បែបនេះ ក្នុងពេល​អញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព កាល​ពិ​ចុង​សប្តាហ៍​នេះ​។​

​ឯ​កេ អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ បានឱ្យ​នៅក្រោយ​ជំនួប​ថា ក្នុងជំនួប​នោះ លោក ហ្សូ​រ៉ាប បាន​ជម្រាប​សម្ដេច​តេ​ជោ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣៥ នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ខាងត្បូង នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​សម្រេចបាន​នូវ​ក្រម​ការពារ​ទេសចរណ៍​។​

​លោក ហ្សូ​រ៉ាប ក៏បាន​សំដែង​ការគោរព​ចំពោះ​ទស្សនៈ​វែងឆ្ងាយ និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​សម្តេច​តេ​ជោ លើ​សម្រាប់​វិស័យ​ទេសចរណ៍ មាន​ជាអាទិ៍​៖ ការគាំទ្រ​ក្រម​ការពារ​ទេសចរណ៍ និង​ជាពិសេស​ការជួយ​អ្នកទេសចរ​ដែលជា​ប់​នៅលើ​នាវា Westerdam ដោយ​អនុញ្ញាត​ឱ្យចូល​ចត​នៅ​កម្ពុជា ក្នុងពេល​ប្រទេស​ដទៃ មិនឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​លោក​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏បាន​សំដែង​ការអបអរសាទរ​ជូន​សម្តេច​តេ​ជោ ចំពោះ​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ បាន​យ៉ាង​ជោគជ័យ​។ ជាពិសេស​ថ្មីៗ​នេះ បានរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​, អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ទាំងនេះ​សុទ្ធ​តែមាន​ការតភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ផងដែរ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រម​ការពារ​ទេសចរ​ណ៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្ដល់​ការការពារ ជំនឿ​ទុកចិត្ត​ដល់​ទេសចរណ៍​មកកាន់​កម្ពុជា​។ លើសពីនោះ​ទៅទៀត កម្ពុជា បាន​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឱ្យ​ទេសចរណ៍​មក​កម្ពុជា ធានាបាន​ទាំង​សុខ​សុវត្ថិភាព​ផង ទាំង​សុខ​ភាពល្អ​ផង​។​

​ចំពោះ​បញ្ហា​នាវា Westerdam វិញ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ជា​ការងារ​មនុស្សធម៌ និង​ជាការ​ទទួលខុសត្រូវ ជួយ​ដល់​ជីវិត​មនុស្ស​នៅពេលនោះ ខណៈដែល​មិនមាន​ប្រទេស​ណា​អនុញ្ញាតឱ្យ​នាវា​ចូល​ចត​ទេ​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ប្រសិនបើ​កម្ពុជា មិន​អនុញ្ញាត​ឱ្យចូល​ចត​ទេនោះ ជីវិត​មនុស្ស​នៅលើ​នាវា នឹង​អាណោច​អាធ​ម​ខ្លាំងណាស់​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​អង្គការ​ទេសចរណ៍​ពិភពលោក ដែលមាន​ជំនឿ​លើ​កម្ពុជា មក​ប្រជុំ​នៅ​កម្ពុជា កសាង​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ក្រម​ការពារ​ទេសចរណ៍​នេះ គួរ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យបាន​ល្អ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close