ចាប់ខ្លួនជនជាតិចិន៧នាក់ ក្រោយ​កាប់ប្រហារលើជនជាតិចិនដូចគ្នា៣នាក់រងរបួសនៅក្រុងព្រះសីហនុ

ព្រះសីហនុ – ជនជាតិចិនសរុបចំនួន៧នាក់ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ជាបន្តបន្ទាប់ ក្រោយ​ពីបានធ្វើសកម្មភាពប្រើ​កាំបិត​កាប់ទៅ​លើបុរសជនចាតិចិនដូចគ្នា​ចំនួន​៣នាក់បណ្តាល​ឲ្យ​រងរបួស​នៅ​ចំណុខ​សណ្ឋាគារ​ហ្សឺចៃជីង ស្ថិត​នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៣។

បើយោង​តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​បាន​ឲ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ៨យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅសណ្ឋាគារ ហ្សឺចៃជីង មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីជនជាតិចិនមួយក្រុមមានគ្នាប្រហែលជា១០នាក់បានធ្វើសកម្មភាព ដោយប្រើកាំបិត កាប់ទៅលើបុរសជនជាតិចិន ០៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យចិន ថៃខាង ហើយក្នុងចំណោមជនរងគ្រោះទាំង ០៣នាក់ ដោយ ០១នាក់ រងរបួសផ្នែកក្បាលធ្ងន់ធ្ងរជាងគេ ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដឹងថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំង០៣នាក់រួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ០៣គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BS-6371 ២-ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD-6901 ៣-ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BG-6980 រត់គេចខ្លួន ។

កម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវរហូតស្វែងរកឃើញ រថយន្តចំនួន ០២គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម ២-ម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារ ១កន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងបានចុះទៅធ្វើរដ្ឋបាលឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើង ឃាត់ខ្លួនបានជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះចំនួន ០៧នាក់ ភេទប្រុស ជនជាតិចិន យកមកធ្វើការសាកសួរ និងបាននាំយកមនុស្សដែលធ្វើការនៅក្នុងអគារនោះ ចំនួន ០៦នាក់ ភេទប្រុស (ចិន៤ ខ្មែរ២នាក់) យកមកធ្វើការសាកសួរតាមនិតិវិធីជំនាញ ។

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់កំពុងរត់គេចខ្លួន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close