ឥណ្ឌា​ឱ្យ​​នាវាចម្បាំង INS Kirpan ​​មួយគ្រឿងដល់​វៀតណាម

កងទ័ពជើងទឹកឥណ្ឌា បានបញ្ជាក់ថា នាវាចម្បាំង INS Kirpan ផលិតក្នុងស្រុកបានចាកចេញពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកាលពីថ្ងៃពុធ ទី ២៨ ខែមិថុនា។ ឥណ្ឌា និងវៀតណាម បានពង្រឹងទំនាក់ទំនងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តោតជាពិសេសលើវិស័យការពារជាតិ ខណៈដែលប្រទេសទាំងពីរមានការព្រួយបារម្ភចំពោះប្រទេសចិនដែលពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើង។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌា​ក៏ធ្លាប់បាន​ផ្តល់​ទូក​តូចៗ និង​ឧបករណ៍​យោធា​ដល់​ប្រទេស​ដូចជា​ ម៉ាល់ឌីវ និង​ Mauritius ​កាលពី​អតីតកាល និង​នាវាមុជទឹក​មួយ​គ្រឿង​ដល់ប្រទេស​មីយ៉ាន់ម៉ាផងដែរ។ ប៉ុន្តែ ការផ្ដល់នាវាចម្បាំងសម្រាប់វៀតណាមនេះ គឺជាលើកទីមួយហើយដែលឥណ្ឌាបានផ្តល់នាវាចម្បាំងដល់ប្រទេសជិតខាងចិន ដែលមានឆ្នេរសមុទ្រនៅសមុទ្រចិនខាងត្បូង។

????????????????????????????????????

មែនទែនទៅ ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលអស់រយៈពេលជាច្រើនឆ្នាំ ហើយមានភាពរសើបចំពោះវត្តមានរបស់យោធានៅក្នុងតំបន់។ កងទ័ពជើងទឹកឥណ្ឌាបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទេរនាវាចម្បាំង Kirpan ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការជួយដៃគូដែលមានគំនិតដូចគ្នាក្នុងការបង្កើនសមត្ថភាព និងឥទ្ទិពលរបស់ពួកគេ ខណៈដែលនេះគឺជាឱកាសដំបូងនៃការផ្ដល់អំណោយប្រតិបត្តិការពេញលេញដោយប្រទេសឥណ្ឌាដល់ប្រទេសជាមិត្តបរទេសផ្សេងទៀត។ អំណោយនេះត្រូវបានប្រកាសនៅពេលរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមឧត្តមសេនីយ៍ Phan Van Giang បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីដើមខែនេះផងដែរ។នាវាចម្បាំងនេះត្រូវបានបញ្ចូលទៅក្នុងកងនាវាចរឥណ្ឌាក្នុងឆ្នាំ១៩៩១ ហើយត្រូវបានរចនា និងផលិតឡើងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។

កងទ័ពជើងទឹកឥណ្ឌាល បានអះអាងថា នាវានោះត្រូវបានបំពាក់ដោយកាំភ្លើងរយៈចម្ងាយមធ្យម និងចម្ងាយជិត និងមីស៊ីលទៀតផង។ គួររំឭកថា រដ្ឋមន្ត្រីការពារជាតិចិនលោក លី សៀងហ្វូ (Li Shangfu) បាននិយាយកាលពីថ្ងៃអង្គារទី ២៧ ខែមិថុនាថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ បន្ទាប់ពីលោកបានជួបសមភាគីវៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close