សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ឈប់ការប្រើប្រាស់ Facebook
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសពីការឈប់ប្រើប្រាស់បណ្តាញសង្គម facebook ហើយក៏បានស្នើឱ្យជំនួយការសម្តេចលុបចោលគណនី Facebook របស់សម្តេចភ្លាម និងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះសម្តេចចេញពីបញ្ជី Facebook ផងដែរ ក្រោយពីមានការក្លែងបន្លំគណនេយ្យ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមក្នុងរាត្រីថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៣ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូចFacebook ។ អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។
សម្ដេចសរសេរទៀតថា ខ្ញុំសូមស្នើឱ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្សពីរនាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺនាក់ ចូលចិត្តជាង៤លាននាក់។ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។
សម្តេចតេជោបានបញ្ជាក់ជាចុងក្រោយថា”ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។