សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតចូលដល់ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ដើម្បីត្រួតពិនិត្យច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោតមុនថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។
ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦។ ជាមួយគ្នានេះព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រាថ្មីបានចែងអ្នកដែលមិនទៅបោះឆ្នោតនឹងគ្មានសិទ្ទិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យឡើយ។ ត្រង់មាត្រាថ្មី បុគ្គលណាដែលរារាំងដល់ការបោះឆ្នោតនឹងត្រូវផាកពិន័យ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនធម្មច្បាប់បោះឆ្នោត នឹងដាក់ឱ្យអនុវត្តមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។