ឃាត់ខ្លួន​មនុស្ស​៤នាក់ ករណីឆេះក្លឹបកម្សាន្តនៅសង្កាត់ផ្សារដេប៉ូទី១

អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ករណីធ្វេសប្រហែសបង្កអគ្គីភ័យឆេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨នាក់ នៅចំណុចខារ៉ាអូខេ និងសណ្ឋាគារ6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ភេទប្រុស ដែលជាកម្មករដេគ័រ។ ផ្អែកតាមចម្លើយរបស់ជាងដេគ័រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានអះអាងថា ក្រុមខ្លួនមានគ្នា៨នាក់ ជាងផ្នែកដេគ័រ ៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក៥នាក់ធ្វើការគាស់ពិដានដំបូលជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ។

ពួកគេឱ្យដឹងទៀតថា អំឡុងពេលគាស់ពិដានក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដារកុងប្លាកេសាឡីកែវនៅលើពិដាន បង្កជាអណ្ដាតភ្លើងឡើង ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្កប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកចាប់ពិដានឆេះ។ ភ្លាមនោះរូបខ្លួននិងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ប៉ុន្តែមិនរលត់រឹតតែឆេះយ៉ាងសន្ធោរសន្ធៅឡើង ក្រោយមកក៏មានកម្លាំងអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី។

គួរឱ្យដឹងដែរថា ហេការណ៍អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីសអ៊ីនធើធេនមិន ឯ. នៅជាន់ទី៥នេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន និង បណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ មានស្រីចំនួន ១នាក់, ភេទទី៣ ចំនួន២នាក់ ក្នុងនោះជាប្រភេទសំណង់ ថ្មបេតុង (៣០ម៉ែត្រ គណុ ៣០ម៉ែត្រ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close